រាជធានីភ្នំពេញ ៖ នាពេលព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធទូទាត់កម្រៃសេវារដ្ឋបាលតាមធនាគារអេស៊ីលីដា (ACLEDA Bank Plc) សម្រាប់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ នៃរាធានីភ្នំពេញ។
ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងនេះ ក៏មានការចូលរួមពីបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា (ACLEDA Bank Plc) លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន ដោយមានការអញ្ញើញចូលរួមពីលោក លោកស្រីអភិបាលរងខណ្ឌ នាយករដ្ឋបាល ប្រធានការិយាល័យច្រកចេញចូលតែមួយ មន្ត្រីទទួលបន្ទុកការងារបេឡា ព្រមទាំងសហការី សរុបប្រមាណ១០០នាក់។
ការប្រកាសដាក់ឱ្យអនុវត្តសាកល្បងនេះ ស្ថិតក្រោមកិច្ចសហការរវាងក្រសួងមហាផ្ទៃ ជាមួយធនាគារអេស៊ីលីដា (ACLEDA Bank Plc) ក្នុងគោលបំណងជំរុញប្រព័ន្ធទូទាត់ប្រាក់ប្រកបដោយភាពទំនើប និងមានប្រសិទ្ធភាព ពាក់ព័ន្ធប្រព័ន្ធទូទាត់កម្រៃសេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ នៃរាធានីភ្នំពេញ។
កិច្ចសហការនេះ ផ្តោតសំខាន់លើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងលើកកម្ពស់សមត្ថភាពក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តជូនប្រជាពលរដ្ឋ។
ប្រព័ន្ធទូទាត់កម្រៃសេវាថ្មីនេះ នឹងជួយសម្រួលដល់ការផ្ទេរប្រាក់ កាត់បន្ថយពេលវេលានៃការទូទាត់ និងបង្កើនតម្លាភាពក្នុងប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋដែលមកទទួលសេវានៅការិយាល័យច្រកចេញចូលតែមួយ។