News Detail

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

Published Date: July 15, 2026

Resource: OWSO

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ អង្គការដៃគូ និងអ្នកពាក់ព័ន្ធ សរុបប្រមាណ៤៦៥រូប និងមានការចូលរួមតាមរយៈប្រព័ន្ធ ZOOM ពីរដ្ឋបាលក្រុង ស្រុក សរុបប្រមាណ ៦៦៦រូប។
បន្ទាប់ពីឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអានរបាយការណ៍សង្ខេបស្តីពីដំណើរការនៃការរៀបចំប្រកាសអន្តរក្រសួង រួចមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ដោយសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំយ៉ាងសកម្មរបស់ក្រុមការងារក្រសួងមហាផ្ទៃ រួមជាមួយក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំប្រកាសអន្តរក្រសួងទាំងពីររហូតដល់សម្រេចបាន និងដាក់ឱ្យប្រើសម្រាប់អនុវត្តជាផ្លូវការនាពេលនេះ ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌមានបញ្ជីសេវាដែលមានលក្ខណៈសមស្រប និងអាចផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋស្របទៅតាមស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ បញ្ជីសេវាថ្មីនេះ គឺជាឧបករណ៍ដ៏សំខាន់ដែលអាចឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផ្តល់សេវាកាន់តែមានប្រសិទ្ធិភាព គុណភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋានប្រកបដោយភាពបត់បែន។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាផ្នែកដ៏សំខាន់នៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលគោលបំណងស្នូលនៃកំណែទម្រង់នេះ គឺការផ្ទេរមុខងារ ធនធាន សិទ្ធិអំណាច និងការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលនៅកៀកជិតប្រជាពលរដ្ឋអាចផ្តល់សេវា ដោះស្រាយបញ្ហានានាបានឆាប់រហ័ស ស្រមតាមស្ថានភាពជាក់ស្តែង និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជាទីបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមចំណែកផ្ដល់ការគាំទ្រយ៉ាងសកម្មក្នុងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសការធ្វើទំនើបកម្មស្ថាប័នតាមបរិបទឌីជីថលក្នុងការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យទទួលបានជោគជ័យស្របតាមឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
    

Recently News