រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក អ៊ឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល និងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយខណ្ឌ នៃរាជធានីភ្នំពេញ» នៅសាលារាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ លោក អ៊ឹង កែវរតនៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាម ក្រុមគ្រូឧទ្ទេស និងអ្នកសម្របសម្រួលទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ។ វគ្គបណ្តុះបណ្តាលនេះបានផ្តោតលើប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖
១.គោលការណ៍ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ
២.របៀបនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ
៣.ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវាតាមប្រព័ន្ធអនឡាញ។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលដែលបានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃនេះ បានបញ្ចប់ទៅតាមកាលវិភាគដែលបានគ្រោងទុកដោយរលូន និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាជាទីមោទនៈ។