ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសហការី បានចូលរួមកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងសម្របសម្រួលគាំទ្រលើការអនុវត្តមុខងារ និងធនធានក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងភាគីពាក់ព័ន្ធ សរុបប្រមាណ ២០រូប។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចលេខ ៦២០០ សសរ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ស្តីពីការបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងសម្របសម្រួលគាំទ្រលើការអនុវត្តមុខងារ និងធនធានក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រកាសសមាសភាព និងតួនាទីរបស់ក្រុមការងារ ដើម្បីឱ្យក្រុមការងារអាចចាប់ផ្តើមអនុវត្តភារកិច្ចក្នុងការតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងសម្របសម្រួលគាំទ្រដល់ការអនុវត្តមុខងារ និងការប្រើប្រាស់ធនធានក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស្របតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ។
តាមរយៈការបង្កើតក្រុមការងារនេះ រំពឹងថា នឹងរួមចំណែកពង្រឹងការសម្របសម្រួលរវាងក្រសួង ស្ថាប័ន និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ព្រមទាំងជំរុញឱ្យការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរទៅថ្នាក់ក្រោមជាតិ ប្រព្រឹត្តទៅបានកាន់តែរលូន និងមានប្រសិទ្ធភាព។