ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីរបៀបសរសេរព័ត៌មាន និងការថតរូបភាពជូនដល់មន្ត្រីបង្គោលព័ត៌មានរបស់នាយកដ្ឋានចំនួន១៥រូប។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេលពេញមួយថ្ងៃ ដោយមានការធ្វើបទបង្ហាញសំខាន់ៗពាក់ព័ន្ធទៅនឹងសារៈសំខាន់នៃព័ត៌មាន តួនាទី និងភារកិច្ចរបស់មន្ត្រីព័ត៌មាន លក្ខណ:សម្បត្តិនៃមន្ត្រីព័ត៌មានល្អ មធ្យោបាយសំខាន់ៗសម្រាប់មន្ត្រីព័ត៌មានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ របៀបប្រមូល និងសរសេរអត្ថបទព័ត៌មាន ដែលបង្ហាញដោយ ឯកឧត្តម តាត់ ប៊ុនហេង ទីប្រឹក្សាក្រសួងមហាផ្ទៃ និង បទបង្ហាញស្តីការថតរូបក្នុងព្រឹត្តិការណ៍នានាឱ្យបានល្អប្រសើរ ដែលបង្ហាញដោយលោក សុខ គង់ អ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់លើការថតរូប។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា វគ្គនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយផ្តល់ចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀតជូនដល់មន្ត្រីរបស់នាយកដ្ឋាន ដើម្បីបង្កើនគុណភាពនៃការសរសេរព័ត៌មាន និងថតរូបភាពឱ្យបានកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តមក៏បានកោតសរសើរដល់មន្ត្រីទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ និងចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះយ៉ាងផុសផុល។
ចុងក្រោយ ឯកឧត្តមក៏ប្រគល់លិខិតថ្លែងអំណរគុណជូនដល់គ្រូបង្គោលទាំងពីររូបដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្តក្នុងការជួយផ្តល់ចំណេះ និងបទពិសោធន៍ដែលខ្លួនមាន ជូនដល់មន្ត្រីរបស់នាយកដ្ឋាន។