ព័ត៌មានលម្អិត

ក្រុមការងារនាយកដ្ឋានមុខងារ និងធនធានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ

ប្រភព: OWSO

ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដឹកនាំដោយលោក តូច ថុន អនុប្រធាននាយកដ្ឋាន និងសហការីបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ ដែលរៀបចំដោយរដ្ឋបាលខេត្តឧត្តរមានជ័យ។
សិក្ខាសាលានេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម ប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក តំណាងសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ សរុបប្រមាណ១៣២រូបផងដែរ។
សិក្ខាសាលានេះ មានរយៈពេលពេញមួយព្រឹក ក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយទៅដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធឱ្យយល់កាន់តែច្បាស់អំពីតួនាទី ភារកិច្ច សមត្ថកិច្ច ព្រមទាំងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងនានាជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ព័ត៌មានថ្មីៗ

មតិយោបល់