នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ទីប្រឹក្សាបច្ចេកទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី បានជួបពិភាក្សាជាមួយលោក បួន ហេង ប្រធាននាយកដ្ឋាន និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅបន្ទប់ប្រជុំនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំពិភាក្សានេះរៀបចំឡើងតាមសំណើរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីឱ្យទីប្រឹក្សាបច្ចេកទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី បានជួបពិភាក្សាជាមួយមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ធ្វើការសិក្សាស្វែងយល់អំពីការងារវិមជ្ឈការថ្នាក់ក្រោមជាតិ លើការងារគ្រប់គ្រង ប្រតិបត្តិ ថែទាំ និងការប្រមូលកំរៃសេវាកាកសំណល់រឹងទីរួមក្រុង សម្រាប់គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២។
គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ជាកម្ចីឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដោយផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ក្រុងអាទិភាពចំនួន០៣ គឺក្រុងបាត់ដំបង ក្រុងសិរីសោភ័ណ និងក្រុងស្ទឹងសែន រួមមានការរៀបចំប្រព័ន្ធបណ្តាញលូ ប្រព័ន្ធការពារទឹកជំនន់ ប្រព័ន្ធច្រោះសំអាតទឹកកខ្វក់ និងទីលានទុកដាក់សំរាមជាដើម។