ព័ត៌មានលម្អិត

កិច្ចប្រជុំពិភាក្សាចុងក្រោយលើសេចក្តីព្រាង “អនុក្រឹត្យស្តីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

ប្រភព: OWSO

នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធានបានដឹកនាំក្រុមការងាររបស់នាយកដ្ឋាន ដើម្បីចូលរួមតាមប្រព័ន្ធវីដេអីពីចម្ងាយនៅក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង “អនុក្រឹត្យស្តីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត និងអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបចំនួនប្រមាណ ១១០ រូប។
សេចក្តីព្រាងអនុក្រឹត្យនេះមានគោលបំណង កំណត់អំពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារចំពោះចំណូលពីសេវាសាធារណៈ ចំណូលពីការពិន័យនិងការដាក់ទណ្ឌកម្ម និងក្នុងលក្ខខណ្ឌនៃការចែករំលែកចំណូលពីសេវាសាធារណៈ និងចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព និងស័ក្កិសិទ្ធភាព។
សូមបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យនេះរៀបចំឡើងដោយមានការរៀបចំកិច្ចប្រជុំប្រមូលធាតុចូលជាច្រើនលើកច្រើនសារ ទាំងក្នុងកម្រិតក្រុមបច្ចេកទេស កម្រិតថ្នាក់ដឹកនាំក្រសួង និងកម្រិតពិគ្រោះយោបល់អន្តរក្រសួង។ ដោយឡែក កិច្ចប្រជុំលើកនេះ គឺជាកិច្ចប្រជុំលើកចុងក្រោយសម្រេចលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ។
ក្នុងដំណើរនៃកិច្ចប្រជុំ អង្គប្រជុំបានឯកភាពកែសម្រួលខ្លឹមសារនៅក្នុងមាត្រាមួយចំនួនរបស់សេចក្តីព្រាងអនុក្រឹត្យ រួមមាន៖
– ការកែសម្រួលតម្លៃសេវា ឬកម្រិតទឹកប្រាក់ផាកពិន័យ ដោយត្រូវមានការចូលរួមពិគ្រោះយោបល់ពីក្រសួងពាក់ព័ន្ធ។ ក្នុងនោះ ការរៀបចំប្រកាសអន្តរក្រសួង គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធឡើងវិញ និងត្រូវមានការសរសេរឱ្យបានច្បាស់លាស់អំពីនីតិវិធីនៃបង់កម្រៃសេវា និងការមោឃៈភាពកម្រៃសេវា
– ដំឡើងការកំណត់ពេលវេលាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរ អង្គភាពជំនាញរៀបចំរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ចំនួន៥ថ្ងៃបន្ថែមទៀត
– កែសម្រួលអក្ខរាវិរុទ្ធ និងខ្លឹមសារនៅក្នុងមាត្រាមួយចំនួនឱ្យស្របតាមស្ថានភាពនៃរៀបចំគម្រោងចំណូល និងការអនុវត្តការប្រមូលចំណូល
– កែសម្រួលបន្ថែម ដោយតម្រូវឱ្យក្រសួង ស្ថាប័នដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ផ្តល់សេវាសាធារណៈ ត្រូវធ្វើសន្ធានកម្មទិន្នន័យជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រង និងផ្តល់សេវាសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះប្រភេទសេវាសាធារណៈដែលបានប្រគល់ ឬប្រតិភូកម្មទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
ចុងក្រោយ ចំនុចដែលនៅសេសសល់មិនទាន់ឯកភាពគ្នា អង្គប្រជុំបានឯកភាពគ្នា ដោយស្នើសុំធ្វើវិសោធនកម្មលិខិតបទដ្ឋានគិតយុត្តមួយចំនួន ដែលនឹងបើកផ្លូវឱ្យក្រុមការងារអន្តរក្រសួងរៀបចំជាលិខិតបទដ្ឋានគាំទ្រមួយចំនួនបន្ថែមទៀត។

ព័ត៌មានថ្មីៗ

មតិយោបល់