ព័ត៌មានលម្អិត

កិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងាររយៈពេល០៩ខែ ឆ្នាំ២០២១ របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត

ប្រភព: OWSO

នាព្រឹកថ្ងៃច័ន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងាររយៈពេល០៩ខែ ឆ្នាំ២០២១ របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត តាមរយៈកម្មវិធីZOOM ដែលរៀបចំដោយនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្គការតម្លាភាពកម្ពុជា (TIC) ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន ឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ តំណាងអង្គការតម្លាភាពកម្ពុជា(TIC) នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានមុខងារ និងធនធាន សរុបប្រមាណ៨០រូប។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍ថា យន្តការនៃការិយាល័យប្រជាពលរដ្ឋត្រូវបានបង្កើតឡើងនៅថ្នាក់រាជធានី ខេត្តទាំង២៥រាជធានី ខេត្ត និងនៅថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌមានសរុប១១៩ក្រុង ស្រុក ខណ្ឌគោលដៅដែលមានការិយាល័យច្រកចេញចូលតែមួយ។ គោលបំណងនៃការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅរដ្ឋបាលមូលដ្ឋាន។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ការិយាល័យប្រជាពលរដ្ឋ គឺជាយន្តការអព្យាក្រឹត្យដែល មានសមត្ថកិច្ចក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅមានរយ:ពេលមួយព្រឹកពេញ ដោយមានកិច្ចពិភាក្សាលើបញ្ហាប្រឈម និងពង្រឹងការអនុវត្តការងារ ព្រមទាំងការធ្វើបទបង្ហាញលើប្រធានបទចំនួន០២ដូចខាងក្រោម៖ – លទ្ធផលការងាររយៈពេល០៩ខែ ឆ្នាំ២០២១ របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត – ខ្លឹមសារសេចក្តីជូនដំណឹងលេខ១៨៥០ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការពង្រឹងតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត។

ព័ត៌មានថ្មីៗ

មតិយោបល់