ព័ត៌មានលម្អិត

ការចុះសិក្សាមូលធាតុចូលដើម្បីរៀបចំយុទ្ធសាស្ត្រទំនាក់ទំនងការិយាល័យច្រកចេញចូលតែមួយ

ថ្ងៃចេញផ្សាយ: August 22, 2022

ប្រភព: OWSO

ក្នុងគោលបំណងបង្កើនការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការផ្តល់សេវាឱ្យបានកាន់តែទូលំទូលាយជូនប្រជាពលរដ្ឋ ព្រមទាំងកសាងទំនាក់ទំនងល្អ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើរដ្ឋបាលក្រុង ស្រុក ខណ្ឌ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តាមរយៈនាយកដ្ឋានមុខងារ និងធនធាន បាន និងកំពុងរៀបចំយុទ្ធសាស្ត្រទំនាក់ទំនងរបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ។

ការរៀបចំយុទ្ធសាស្ត្រនេះបានទទួលការគាំទ្រពី GIZ និងជំនាញបច្ចេកទេសក្នុងការរៀបចំយុទ្ធសាស្ត្រពីក្រុមហ៊ុនមែងហ្គូថែងហ្គូ (MangoTango) ដែលកំពុងចុះសិក្សាប្រមូលធាតុចូលនៅតាមក្រុង ស្រុក ខណ្ឌគោលដៅចំនួន០៦ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ ក្រុង ស្រុក ខណ្ឌគោលដៅទាំង០៦នោះ រួមមាន៖ ខណ្ឌទួលគោក និងខណ្ឌច្បារអំពៅនៃរាជធានី ភ្នំពេញ ក្រុងសៀមរាប និងស្រុកបន្ទាយស្រីនៃខេត្តសៀមរាប ស្រុកសង្កែ និងស្រុកមោងឬស្សីនៃខេត្តបាត់ដំបង។
ដើម្បីប្រមូលបានធាតុចូលសំខាន់ៗនៅតាមក្រុង ស្រុក ខណ្ឌគោលដៅទាំងនោះ ក្រុមការងាររៀបចំ ត្រូវជួបប្រជុំជាមួយអភិបាលរងក្រុង ស្រុក ខណ្ឌ ប្រធាន-អនុប្រធានការិយាល័យច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធមួយចំនួននៅក្នុងការិយាល័យច្រកចេញចូលតែមួយ ដើម្បីពិភាក្សា និងសិក្សាស្វែងយល់ពីកិច្ចដំណើរការនៃការផ្តល់សេវា កិច្ចការងារផ្នែកទំនាក់ទំនង និងការផ្សព្វផ្សាយព័ត៌មាន ដែលក្រុង ស្រុក បានអនុវត្តកន្លងមក។
ឯកឧត្តម តាត់ ប៊ុនហេង ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលបានដឹកនាំក្រុមការងារជួបពិភាក្សាជាមួយរដ្ឋបាលខណ្ឌទួលគោក និងខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងការសិក្សា និងប្រមូលធាតុចូលសម្រាប់រៀបចំយុទ្ធសាស្ត្រនេះ ក្រុមការងាររៀបចំមិនត្រឹមតែជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យច្រកចេញចូលតែមួយប៉ុណ្ណោះទេ តែថែមទាំងត្រូវចុះជួបសម្ភាសន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុង ស្រុក ខណ្ឌទាំងនោះផងដែរ។
ឯកឧត្តមបានបន្ថែមថា បន្ទាប់ពីការចុះសិក្សាប្រមូលធាតុចូលតាមក្រុង ស្រុក ខណ្ឌគោលដៅរួចហើយ ក្រុមការងារនឹងរៀបចំជាសេចក្តីព្រាងយុទ្ធសាស្ត្រ និងត្រូវដាក់ពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលក្រុង ស្រុក ខណ្ឌផងដែរ មុននឹងដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច និងដាក់អោយអនុវត្តនូវយុទ្ធសាស្ត្រទំនាក់ទំនងនេះ។

ព័ត៌មានថ្មីៗ

មតិយោបល់