កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ លោក អ៊ឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងាររបស់នាយកដ្ឋាន រួមជាមួយលោក លោកស្រីដែលជានាយក នាយករងរដ្ឋបាលខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តកំពត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនៃរដ្ឋបាលខេត្តកំពត បានចុះពិនិត្យមើលការផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយស្រុកបន្ទាយមាស។
នៅក្នុងកិច្ចប្រជុំជាមួយអភិបាល អភិបាលរងស្រុក នាយករដ្ឋបាល ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានការិយាល័យច្រកចេញចូលតែមួយ មន្ត្រីជួរមុខ និងជួរក្រោយស្រុកបន្ទាយមាស លោក អ៊ឹង កែវរតន: បានបញ្ជាក់អំពីគោលបំណងនៃការចុះនេះ គឺដើម្បីពិនិត្យមើលដំណើរការនៃការផ្តល់សេវា និងបញ្ហាប្រឈមដែលកំពុងជួបប្រទះនៅក្នុងការិយាល័យច្រកចេញចូលតែមួយ។
ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានរកឃើញនូវភាពចំណុចខ្វះខាតមួយចំនួនក្នុងការរៀបចំ និងការគ្រប់គ្រង ដែលធ្វើអោយការផ្តល់សេវាជូនប្រជាពលរដ្ឋនៅមិនទាន់បានល្អប្រសើរនៅឡើយ។ ជាចុងក្រោយ លោកក៏បានផ្តល់ការណែនាំដល់រដ្ឋបាលស្រុក ឱ្យធ្វើការកែលំអការរៀបចំ ការគ្រប់គ្រងការផ្តល់សេវា ដើម្បីធ្វើឱ្យគុណភាពនៃការផ្តល់សេវាកាន់តែល្អប្រសើរទទួលការពេញចិត្តពីប្រជាពលរដ្ឋ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវស្របតាមលិខិតបទដ្ឋានដែលបានដាក់ចេញកន្លងមក។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារក៏បានបន្តចុះពិនិត្យមើលការរៀបចំការិយាល័យច្រកចេញចូលតែមួយនៅក្រុងបូកគោ នៃខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលក្រុងបូកគោ នាយករដ្ឋបាលក្រុង ប្រធានការិយាល័យច្រកចេញចូលតែមួយ ប្រធានការិយាល័យចំណុះក្រុង និងមន្ត្រីមួយចំនួននៃរដ្ឋបាលក្រុងបូកគោ។
តាមរយៈការចុះពិនិត្យនេះ ក្រុមការងាររកឃើញថា រដ្ឋបាលក្រុងមិនទាន់មានទីតាំងសាលាក្រុងរបស់ខ្លួននៅឡើយ ហើយជាបណ្តោះអាសន្នរដ្ឋបាលក្រុងបានជួលអគារឯកជន និងបានរៀបចំជាបន្ទប់មួយសម្រាប់មន្ត្រីការិយាល័យច្រកចេញចូលតែមួយផ្តល់សេវាជូនប្រជាពលរដ្ឋ។ ទោះបីជាការរៀបចំនៅពេលនេះស្ថិតក្នុងភាពបណ្តោះអាសន្នក៏ដោយ ក្រុមការងារក៏បានស្នើដល់រដ្ឋបាលក្រុង អោយរៀបចំទីកន្លែង និងបុគ្គលិកទទួលប្រជាពលរដ្ឋអោយបានសមស្របដើម្បីផ្តល់សេវាជូនពួកគាត់អោយកាន់តែល្អប្រសើរឡើង។
នៅក្នុងកិច្ចប្រជុំនេះផងដែរ តំណាងរដ្ឋបាលខេត្តកំពតក៏បានបញ្ជាក់ជូនថា សាលាក្រុងបូកគោបានសម្រេចជ្រើសរើសទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលរបស់សាលាក្រុងបូកគោរួចហើយ ចំណែកការសាងសង់អគារមួយចំនួនរបស់រដ្ឋបាលក្រុង រដ្ឋបាលខេត្តកំពតគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ។