News Detail
កម្មវិធីចុះសិក្សាអំពីទម្រង់បែបបទ និងនីតិវិធីនៃការផ្តល់សេវាក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Resource: OWSO

រាជធានីភ្នំពេញ ៖ ក្រុមការងារអន្តរក្រសួងបានធ្វើការចុះសិក្សាអំពីទម្រង់បែបបទ និងនីតិវិធីនៃនការផ្តល់សេវាក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរាជធានីភ្នំពេញ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២០ ។
នាព្រឹកថ្ងៃទី០២ ខែមករានេះក្រុមការងារអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ដោយមានការចូលរួមផ្ទាល់ពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក លោកស្រីនាយកទីចាត់ការពាក់ព័ន្ធ ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីពាក់ព័ន្ធ ប្រមាណ ៣០នាក់។ កិច្ចប្រជុំពិភាក្សា បានផ្តោតទៅលើប្រភេទសេវាចំនួន០២ គឺ ការស្នើសុំចុះបញ្ជីលើកដំបូងដែលមានលក្ខណៈដាច់ដោយដុំ និងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធ ។
សូមបញ្ជាក់ថាក្រុមការងារអន្តរក្រសួងនេះ មានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងយុត្តិធម៌ និងលេខាធិការដ្ឋានគ.ជ.អ.ប ត្រូវបានបង្កើតឡើងដើម្បីពិនិត្យ និងកែសម្រួលលើទម្រង់ពាក្យស្នើសុំ លក្ខខណ្ឌភ្ជាប់ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។