News Detail

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញបិទសិក្ខាសាលាពង្រឹងសមត្ថភាពការិយាល័ប្រជាពលរដ្ឋរាជធានី ខេត្ត និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់ការិយាល័យប្រជាពលរដ្ឋឆ្នើមប្រចាំឆ្នាំ២០២៣

Published Date: April 30, 2024

Resource: OWSO

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញបិទសិក្ខាសាលាពង្រឹងសមត្ថភាពការិយាល័ប្រជាពលរដ្ឋរាជធានី ខេត្ត និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់ការិយាល័យប្រជាពលរដ្ឋឆ្នើមប្រចាំឆ្នាំ២០២៣
……………………..
ខេត្តកំពង់ធំ៖ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពង្រឹងសមត្ថភាពការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់ការិយាល័យប្រជាពលរដ្ឋឆ្នើមប្រចាំឆ្នាំ២០២៣ ដែលពិធីនេះប្រព្រឹត្តិទៅនារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីផងដែរពីសំណាក់ ឯកឧត្តម តេ យក់ស៊ូ តំណាងក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន ឯកឧត្តម តាត់ ប៊ុនហេង ទីប្រឹក្សាក្រសួងមហាផ្ទៃ តំណាងកម្មវិធីISD/GIZ និងតំណាងអង្គការតម្លាភាពកម្ពុជា ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត លោក លោកស្រីប្រធានផ្នែកទាំង០២របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ទាំង២៥រាជធានី ខេត្ត សរុបចំនួន១០០រូប។
បន្ទាប់ពីស្តាប់របាយការណ៍បូកសរុបលទ្ធផលនៃសិក្ខាសាលា និងលទ្ធផលនៃការវាយតម្លៃការិយាល័យប្រជាពលរដ្ឋឆ្នើមប្រចាំឆ្នាំ២០២៣របស់ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន ឯកឧត្តម ប្រាក់ សំអឿន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សិក្ខាកាម ពិសេសចំពោះលទ្ធផលនៃសិក្ខាសាលា ដែលនឹងរួមចំណែកពង្រឹងសមត្ថភាព និងកម្ពស់ប្រសិទ្ធភាពនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានកោតសរសើរដល់ការិយាល័យប្រជាពលរដ្ឋឆ្នើមទាំង៣ ដែលខិតខំបំពេញការងារសម្រេចបានលទ្ធផលល្អប្រសើរ ព្រមទាំងបានលើកទឹកចិត្តដល់ការិយាល័យប្រជាពលរដ្ឋដទៃទៀតអោយខិតខំបំពេញការងារសម្រេចបានលទ្ធផលល្អប្រសើរប្រជែងយកជ័យលាភីនៅឆ្នាំបន្ទាប់ទៀត។
ឯកឧត្តមបានគូសបញ្ជាក់ថា ការបង្កើតយន្តការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមរយៈការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាលក្ខខណ្ឌចាំបាច់មួយដែលពុំអាចខ្វះបាន ដើម្បីឆ្លើយតបចំពោះបណ្ដឹងតវ៉ា ឬការមិនពេញចិត្តនានាលើការធ្វើសេចក្ដីសម្រេច ឬការបំពេញការងាររបស់បុគ្គលិករដ្ឋបាលថ្នាក់ជាតិ។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា ការិយាល័យនេះ មិនត្រឹមតែមានតួនាទី ជាអ្នកផ្សះផ្សាវិវាទរវាងប្រជាពលរដ្ឋ និងរដ្ឋបាលសាធារណៈប៉ុណ្ណោះទេ វាក៏មានតួនាទីសំខាន់សម្រាប់កសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើថ្នាក់ដឹកនាំមូលដ្ឋានផងដែរ។
ឯកឧត្តមបានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ និងពង្រឹងនូវសមត្ថភាពរបស់ខ្លួន ដើម្បីអនុវត្តការងារ ដោយមានសាមគ្គីភាពផ្ទៃក្នុង និងការងារជាក្រុម ពិសេសខិតខំសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានឆាប់រហ័ស ប្រកបដោយអព្យាក្រឹត តម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់ លិខិតបទដ្ឋានគត្តិយុត្ត និងគោលការណ៍ណែនាំដែលនៅជាធរមាន។
ក្នុងឳកាសនោះផងដែរ ឯកឧត្តម ប្រាក់ សំអឿន ក៏បានប្រគល់រង្វាន់លើកទឹកចិត្តជូនដល់ការិយាល័យប្រជាពលរដ្ឋខេត្តចំនួន០៣ គឺខេត្តកំពង់ធំ (ជាប់ជ័យលាភីលេខ១) ខេត្តកណ្តាល (ជាប់ជ័យលាភីលេខ២) និងខេត្តកំពង់ចាម (ជាប់ជ័យលាភីលេខ៣) ជាការិយាល័យប្រជាពលរដ្ឋឆ្នើមប្រចាំឆ្នាំ២០២៣។

Recently News