ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទសិក្ខាសាលាស្ដីពីនីតិវិធីសម្រុះសម្រួល និងស៊ើបអង្កេតបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
ពិធីនេះមានការអញ្ជើញពីឯកឧត្តម ទីន សារ៉ាវុធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានមុខងារ និងធនធាន ព្រមទាំងប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តទាំង២៥។
នៅក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន បានថ្លែងកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការរៀបចំសិក្ខាសាលាដែលកើតចេញមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងគ្រូឧទ្ទេសនៃនាយកដ្ឋានមុខងារ និងធនធាន ព្រមទាំងសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ស្ដាប់នូវការធ្វើបទបង្ហាញ និងបានចូលរួមយ៉ាងផុលផុសតាមរយៈនៃការលើកឡើងជាករណីសិក្សាបណ្ដឹងក្នុងសមត្ថកិច្ចដែលការិយាល័យប្រជាពលរដ្ឋធ្លាប់បានដោះស្រាយនាពេលកន្លងមក។
ជាទីបញ្ចប់ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ឱ្យខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត តាមរយៈការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅពាក់ព័ន្ធនឹងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗដែលក្រសួងបានដាក់ចេញ សំដៅធានាបានថា ការិយាល័យប្រជាពលរដ្ឋមានចំណេះដឹងទូលំទូលាយ និងមានភាពងាយស្រួលនៅក្នុងការវិភាគអង្គហេតុ និងអង្គច្បាប់នៅក្នុងដំណើរការស៊ើបអង្កេតបណ្ដឹងដែលការិយាល័យប្រជាពលរដ្ឋទទួលបាន។