News Detail

ឯកឧត្តម ប្រាក់ សំអឿន៖ ការដាក់អោយដំណើរការផ្តល់សេវាតាមរយៈការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ គឺជាសមិទ្ធផលដ៏ធំធេង

Resource: OWSO

ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការបង្កើត និងដាក់អោយដំណើរការផ្តល់សេវារដ្ឋបាលតាមរយៈការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ គឺជាសមិទ្ធផលយ៉ាងធំធេងដែលបានរួមចំណែកក្នុងគោលនយោបាយកំណែទម្រងវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០២១។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖« ពេលនេះ យើងបានបង្កើត និងដាក់អោយដំណើរការនូវអង្គភាច្រកចេញចូលតែមួយទាំង២៥រាជធានី ខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ដែលបានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងឆ្លើយតបតាមតម្រូវការអ្នកស្នើសុំសេវា តាមរយះការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព»។
អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈប្រព័ន្ធ Video Conference នៅថ្ងៃទី២៨-២៩ ខែកញ្ញា​ ឆ្នាំ២០២១ ដោយមានអញ្ជើញចូលរួមពីនាយករដ្ឋបាល ប្រធាន អនុប្រធាន និងមន្ត្រីជួរមុខ ជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយនៃក្រុង ស្រុក ខណ្ឌ ចំនួន៤១គោលដៅ សរុបប្រមាណ៥០០នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកពាក់ព័ន្ធការផ្តល់សេវារដ្ឋបាល បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលរចនាសម្ព័ន្ធក្រុង ស្រុក ខណ្ឌ ចូលទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌតាមគោលការណ៍រដ្ឋបាលឯកភាព និងពិសេសដើម្បីឱ្យសមស្របទៅនឹងស្ថានភាពដែលប្រទេសកម្ពុជាកំពុងជួបប្រទះនឹងការរីករាលដាលនូវជំងឺកូវីដ-១៩។
ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញឆន្ទៈ និងខិតខំយ៉ាងមោះមុតក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា បាន និងកំពុងបន្តសិក្សា រៀបចំគោលការណ៍បែបបទ នីតិវិធីនៃការអនុវត្តមុខងារ ទាំងមុខងារសម្រាប់ការអភិវឌ្ឍ និងមុខងារផ្ដល់សេវារដ្ឋបាល ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យការអនុវត្តមុខងារទាំងនោះកាន់តែសាមញ្ញ ងាយស្រួល ឆាប់រហ័ស ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
គួរបញ្ជាក់ផងដែរថា កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យចំនួន០៣ រួមមានអនុក្រឹត្យលេខ១៨២, ១៨៣ និង១៨៤ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយបានរៀបចំកែសម្រួលឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។ អនុក្រឹត្យទាំងនេះបានតម្រូវឱ្យធ្វើសមាហរណកម្មការិយាល័យជំនាញរបស់ក្រសួង ស្ថាប័ននានានៅថ្នាក់ក្រុង ស្រុក ខណ្ឌ ចូលទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលធ្វើឱ្យមន្រ្តីរបស់ការិយាល័យ អង្គភាពជំនាញនានាក្លាយទៅជាមន្រ្តីក្នុងក្របខណ្ឌតែមួយរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ អនុក្រឹត្យទាំង៣នេះក៏បានកំណត់បង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយនៅគ្រប់រដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស និងពងី្រកមុខងារក្នុងការផ្ដល់សេវារដ្ឋបាលថ្មីៗបន្ថែមទៀតផងដែរ។
ផ្អែកតាមការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងថ្មីនេះ ទំនាក់ទំនងការងារ និងការគ្រប់គ្រងរដ្ឋបាលដែលមានលក្ខណៈខ្សែទទឹង និងខ្សែបណ្តោយត្រូវបានបញ្ចប់ ហើយរាជរដ្ឋាភិបាលបានសម្រេចធ្វើការកែសម្រួលទៅជារចនាសម្ព័ន្ធគ្រប់គ្រងមួយតាមគោលការណ៍រដ្ឋបាលឯកភាពពេញលេញ ដោយបានផ្ដល់សិទ្ធិអំណាចបន្ថែមទៀតដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការសម្របសម្រួល និងអន្តរាគមន៍លើកិច្ចការនានាកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។
 

Recently News