ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ដើម្បីចុះពិនិត្យទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង។
ឯកឧត្តម បួន ហេង មានប្រសាសន៍ថា គោលបំណងនៃការចុះពិនិត្យទីលានទុកដាក់សំរាមនេះ គឺដើម្បីសិក្សាស្វែងយល់អំពីបច្ចេកទេសគ្រប់គ្រង និងរបៀបនៃការរៀបចំទីលានស្តង់ដារអនាម័យថ្មី ដែលបានសាងសង់ឡើង ក្រោមជំនួយឧបត្ថម្ភរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ចូលរួមក្នុងដំណើរចុះពិនិត្យទីតាំងទុកដាក់សម្រាម សំណល់រឹងទីប្រជុំជនស្រុកបាណន់នេះ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង មានប្រសាសន៍ថា ទីលានថ្មីនេះបាន និងកំពុងរៀបចំ និងគ្រោងបើកដំណើរការឆាប់ៗនាពេលខាងមុខនេះ។
លោកបញ្ជាក់ថា ទីលានថ្មីនេះមានរៀបចំជាកន្លែងថ្លឹងសំរាម កន្លែងញែកសំរាម កន្លែងទុកដាក់សំណល់គីមី អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងជីកំប៉ុស្ត តាមស្តង់ដារបច្ចេកទេសថ្មី រួមទាំងមានអាហារដ្ឋាន និងកន្លែងបុគ្គលិកស្នាក់នៅដាច់ដោយឡែកពីគ្នា។