News Detail

ឯកឧត្តម បួន ហេង៖ សេវារដ្ឋបាលមួយចំនួនដែលរដ្ឋបាលឃុំសង្កាត់បានផ្តល់ជូនប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់រដ្ឋ ដោយមិនបានគិតពីផលចំនេញ

Resource: OWSO

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីអំពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរបស់អង្គភាពប្រឆាំងអំពីពុករលួយនៅទីស្តីការអង្គភាពប្រឆាំងអំពីពុករលួយ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា “សេវាមួយចំនួនដែលរដ្ឋបាលឃុំសង្កាត់បានផ្តល់ជូនប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់រដ្ឋ ដោយមិនបានគិតពីផលចំនេញនោះឡើយ”។
ឯកឧត្តម បានបញ្ជាក់ថា “រដ្ឋបាលឃុំ សង្កាត់ បច្ចុប្បន្នកំពុងផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នូវប្រភេទសេវាចំនួន២ធំៗ រួមមាន ការងារអត្រានុកូលដ្ឋាន និងការចេញលិខិតបញ្ជាក់នានា សរុបទាំងអស់ចំនួន២៣មុខសេវា។ ក្នុងចំណោមទាំង២៣មុខសេវា មានសេវាមួយចំនួនបានផ្តល់ជូនប្រជាពលរដ្ឋដោយមិនគិតកម្រៃសេវានោះឡើយ”។
សិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីអំពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ត្រូវបានរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពឯកឧត្តម ជា សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានប្រតិបត្តិការ និងមានការចូលរួមពីលោកស្រី អ៊ូ ស៊ីថា ប្រធាននាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ នៃអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមន្ត្រីដែលជាសិក្ខាកាម សរុបចំនួន១២៩រូប។
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះ ឯកឧត្តម បួន ហេង បានឡើងធ្វើបទបង្ហាញអំពីសេចក្តីណែនាំនេះព្រមទាំងបានផ្តល់ការពន្យល់បកស្រាយ និងឆ្លើយតបនូវសំនួរ ដែលជាចម្ងល់របស់សិក្ខាកាមយ៉ាងផុសផុល។
ឯកឧត្តម បានមានប្រសាសន៍ថា កន្លងទៅថ្មីៗនេះ ក្រសួងមហាផ្ទៃបានផ្សព្វផ្សាយ និងផ្តល់ការណែនាំរួចរាល់ហើយជូនដល់រដ្ឋបាលរាជធានី ខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយបន្ត និងផ្តល់ការគាំទ្រដល់រដ្ឋបាលឃុំសង្កាត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីចាប់ផ្តើមអនុវត្តការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅគ្រប់ឃុំ សង្កាត់។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា ការរៀបចំយន្តការច្រកចេញចូលតែមួយទាំងថ្នាក់រាជធានី ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និងថ្នាក់ឃុំ សង្កាត់នេះ គឺដើម្បីប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលទាំងអស់ដែលស្ថិតក្នុងសមត្ថកិច្ចពិនិត្យ និងសម្រេចរបស់ខ្លួនមកនៅកន្លែងតែមួយ។ ហើយ រាល់ការទទួលពាក្យស្នើសុំ និងសំណុំឯកសារភ្ជាប់ពីប្រជាពលរដ្ឋ យន្តការច្រកចេញចូលតែមួយត្រូវចេញបង្កាន់ដៃទទួលពាក្យស្នើសុំ និងប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ ក្នុងករណីសេវានោះមានការបង់កម្រៃសេវា។
ឯកឧត្តមបញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋមិនពេញចិត្តនឹងការផ្តល់សេវាសាធារណៈផ្សេងៗ ប្រជាពលរដ្ឋអាចប្តឹងទៅការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ តាមរយៈការទៅជួបផ្ទាល់នៅកន្លែងធ្វើការរបស់ការិយាល័យប្រជាពលរដ្ឋ ឬតាមប្រព័ន្ធទូរស័ព្ទ ឬតាមប្រអប់សំបុត្រ ឬតាមប្រព័ន្ធអេឡិចត្រូនិច។
ទាញយកឧបសម្ព័ន្ធភ្ជាប់នឹងសេចក្តីណែនាំជាfile word តាមរយៈ Link ខាងក្រោម៖

Recently News