News Detail
សិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីការអនុវត្តតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ
Resource: OWSO
កំពង់ចាម៖ សិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីការអនុវត្តតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារភ្នំប្រុស នៃខេត្តកំពង់ចាម។ សិក្ខាសាលានេះ រៀបចំដោយនាយកដ្ឋានមុខងារ និងធានធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយ អង្គការតម្លាភាពកម្ពុជា(TIC) និងគម្រោងកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល(GIZ/DAR) អង្គសិក្ខាសាលានេះមានការចូលរួមពីសិក្ខាកាមសរុបចំនួន១២០រូប (ស្រ្តី ១៨រូប) ដែលមានសមាសភាពជាប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌមកពី១១៥គោលដៅទូទាំងប្រទេស។
លោកបួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានមានប្រសាសន៍ថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញអំពីលទ្ធផលការងាររយះពេល១២ខែ ឆ្នាំ២០២០ និងបញ្ហាប្រឈមនៃការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ។ លោកបានបញ្ជាក់បន្ថែមថា សិក្ខាសាលាក៏បានផ្តល់ឱកាសឱ្យអ្នកជំនាញការនៃអង្គការGIZ ធ្វើការសម្របសម្រួលប្រមូលធាតុចូលដើម្បីរៀបចំកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០)ផងដែរ។
ក្នុងពិធីបិទសិក្ខាសាលានាវេលាថ្ងៃត្រង់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តមប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសូងមហាផ្ទៃ មានប្រសាសន៍ថា សិក្ខាសាលានេះមានសារៈសំខាន់ណាស់ ដើម្បីប្រមូលបទពិសោធន៍ល្អនៃការអនុវត្តតួនាទី ភារកិច្ច និងធាតុចូលនានាដើម្បីបន្តពង្រឹងយន្តការសម្រុះសម្រួលដោះស្រាយបណ្តឹងជូនប្រជាពលរដ្ឋ និងអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមក៏បានផ្តល់អនុសាសន៍ដល់សិក្ខាកាមដែលជាប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ត្រូវគ្រោងផែនការសកម្មភាពរបស់ខ្លួនឱ្យបានជាក់លាក់ និងត្រូវពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីធានាប្រសិទ្ធភាពនៃការសម្រុះសម្រួលដោះស្រាយបណ្តឹង និងដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនា។ ប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវពង្រឹងការកត់ត្រាបណ្តឹង ដែលការិយាល័យប្រជាពលរដ្ឋសម្រុះសម្រួលដោះស្រាយភ្លាមៗ នៅតុពិសេស ពីភាពមិនពេញចិត្តរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការស្នើសុំសេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ ព្រមទាំង ត្រូវខិតខំផ្សព្វផ្សាយព័ត៌មាន តាមគ្រប់រូបភាព មធ្យោបាយនានា ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានបានស្គាល់ និងយល់ជ្រួតជ្រាបអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ។
