News Detail
វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យារបស់ការិយាល័យច្រកចេញចូលតែមួយ” ជំហានទី២
Published Date: March 29, 2023
Resource: OWSO
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ” ក្រោមអធិបតីភាពលោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង និងលោក សួន សំរិទ្ធ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។
ពិធីនេះមានការអញ្ជើញចូលរួមពីគ្រូបង្គោលដែលមានបទពិសោធន៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងសិក្ខាកាមដែលជាប្រធាន អនុប្រធានការិយាល័យច្រកចេញចូលតែមួយ និងមន្ត្រីជួរមុខទទួល-ប្រគល់ឯកសារ មកពីរដ្ឋបាលក្រុងស្វាយរៀង រដ្ឋបាលក្រុងបាវិត និងក្រុង ស្រុកទាំងអស់នៃខេត្តព្រៃវែង សរុបចំនួនប្រមាណ៥៥រូប។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីពង្រីកបន្ថែមនូវការអនុវត្តសាកល្បងនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមរយៈការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក។
វគ្គបណ្តុះបណ្តាលនេះមានរយះពេល៣ថ្ងៃ ដោយមានការធ្វើបទបង្ហាញពីគ្រូបង្គោលស្តីពី”ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ” ចំនួន១៥មេរៀន ព្រមទាំងមានការចូលរួមពីសិក្ខាកាមក្នុងការអនុវត្តជាក់ស្តែងលើការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានេះផងដែរ។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោក សួន សំរិទ្ធ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ចូលរួមយ៉ាងផុសផុលពីសិក្ខាកាម និងការខិតខំបង្ហាញពីលោកគ្រូបង្គោល ព្រមទាំងបានណែនាំដល់សិក្ខាកាម ជាពិសេសប្រធានការិយាល័យច្រកចេញចូលតែមួយ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ត្រូវធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំក្រុង ស្រុករបស់ខ្លួនអំពីការដាក់អោយអនុវត្តកម្មវិធីព័ត៌មានវិទ្យា ធ្វើការផ្សព្វផ្សាយដល់មន្ត្រីពាក់ព័ន្ធនៅរដ្ឋបាលក្រុង ស្រុក ព្រមទាំងពិនិត្យរៀបចំឧបករណ៍សំភារៈ និងបណ្តាញអ៊ីនធឺណិតល្បឿនលឿនដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌអោយមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ផងដែរថា កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយត្រូវរៀបចំឡើងក្នុងគោលបំណងដើម្បី៖
១. ធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងដើម្បីបង្កលទ្ធភាពក្នុងការអភិវឌ្ឍបន្តទៅរកការស្នើសុំសេវា និងការបង់កម្រៃសេវានានាតាមប្រព័ន្ធអនឡាញ
២. បង្កលក្ខណៈងាយស្រួលដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្នុងការតាមដាន និងគ្រប់គ្រងដំណើរការផ្តល់សេវាប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់
៣. ផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋក្នុងការពិនិត្យ និងតាមដានចរន្តឯកសារស្នើសុំសេវាបានដោយខ្លួនឯង ព្រមទាំងឈានទៅអាចស្នើសុំសេវាតាមប្រព័ន្ធអនឡាញ ដែលប្រជាពលរដ្ឋអាចស្នើសុំសេវានៅពេលណា និងទីកន្លែងណាក៏បាន៕
