ខេត្តកណ្តាល: នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំអាគារC សាលាខេត្តកណ្តាល មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវា”នៅការិយាល័យច្រកចេញចូលតែមួយ សម្រាប់ក្រុង ស្រុកទាំងអស់នៃរដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាព លោក សួន សំរិទ្ធ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក ជី ស៊ីវុត្ថា នាយករងរដ្ឋបាល សាលាខេត្តកណ្តាល។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត លោកគ្រូ អ្នកគ្រូជាគ្រូបង្គោល ព្រមទាំងសិក្ខាកាមដែលជា ប្រធានការិយាល័យច្រកចេញចូលតែមួយ អនុប្រធានការិយាល័យច្រកចេញចូលតែមួយ និងមន្ត្រីទទួលបន្ទុកទទួលប្រគល់ឯកសារ មកពីគ្រប់រដ្ឋបាលក្រុង ស្រុកទាំងអស់ នៃរដ្ឋបាលខេត្តកណ្តាល សរុបចំនួន៤៥រូប។
ថ្លែងក្នុងពិធីបើកវគ្គនេះ លោក សួន សំរិទ្ធ មានប្រសាសន៍ ផ្អែកតាមយុគ្គសម័យសកលភាវូបនីយកម្មក្នុងវិស័យបច្ចេកវិទ្យា ការផ្តល់សេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចាំបាច់ត្រូវតែធ្វើទំនើបកម្ម និងកាន់តែទូលំទូលាយជាងមុន។
លោកបានបន្តថា ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មការផ្ដល់សេវារសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបង្កើតកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងការិយាល័យច្រកចេញចូលតែមួយក្នុងគោលបំណង:
១- ធ្វើទំនើបកម្មការផ្តល់សេវានៅរដ្ឋបានថ្នាកក្រោមជាតិ និងឈានដល់ការផ្តល់សេវា តាមរយៈOnline
២- ងាយស្រួលតាមដានកិច្ចដំណើរការនៃការផ្តល់សេវា ការគ្រប់គ្រងទិន្នន័យ ប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាព
៣- ប្រជាពលរដ្ឋងាយស្រួលស្នើសុំសេវា និងតាមដានព័ត៌មានចរន្តឯកសារដោយខ្លួនឯងបាន តាមរយៈOnline ។
លោកបានបញ្ជាក់ថា ហេតុដូច្នេះហើយ ទើបអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយសហការជាមួយរដ្ឋបាលខេត្តកណ្តាល រៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដែលវគ្គនេះមានរយះពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។