ខេត្តតាកែវ: នាព្រឹកថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តតាកែវ មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយជូនដល់ក្រុង ស្រុកចំនួន៤៤។
ពិធីនេះមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ួច ភា អភិបាល នៃគណ:អភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក លោកស្រីជាគ្រូបង្គោល នាយករដ្ឋបាលក្រុង ស្រុក ប្រធាន-អនុប្រធានការិយាល័យច្រកចេញចូលតែមួយ មន្ត្រីជួរមុខ ជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយនៃក្រុងស្រុកចំនួន០៥ នៃខេត្តតាកែវដែលមានវត្តមានផ្ទាល់នៅទីនេះចំនួន៦០រូប និងក្រុងស្រុក៣៩ផ្សេងទៀតដែលបានចូលរួមពីចំងាយតាមប្រព័ន្ធវីដេអូ Zoom។
វគ្គបណ្តុះបណ្តាលនេះមានរយះពេល០២ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ២៣ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងគោលបំណងដើម្បីធ្វើការបណ្តុះបណ្តាលអំពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលជូនដល់ក្រុង ស្រុក បន្ទាប់ពីមានការធ្វើសមាហរណកម្មការិយាល័យជំនាញរបស់ក្រសួង ស្ថាប័ននានានៅថ្នាក់ក្រុង ស្រុក ខណ្ឌ ចូលមកក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការបង្កើតអោយមានការិយាល័យច្រកចេញចូលតែមួយនៅគ្រប់រដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។
គួរបញ្ជាក់ថា មកដល់ពេលនេះ អគ្គនាយកដ្ឋានរដ្ឋបាល បានរៀនចំវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតីវិធីនៃការផ្តល់សេវា ជូនដល់ក្រុង ស្រុក ខណ្ឌ បានចំនួន ១៣៨ រួចហើយនៅទូទាំងប្រទេស នៅសល់ក្រុង ស្រុក ចំនួន ៦៦ ដែលគ្រោងនឹងបណ្តុះបណ្តលអោយបានចប់សព្វគ្រប់នៅដើមខែមករាឆ្នាំ២០២២ខាងមុខនេះ។
ទន្ទឹមគ្នានេះដែរ ក្រសួងមហាផ្ទៃ បាន និងកំពុងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសតាមវិស័យជំនាញបន្ថែមទៀត ដើម្បីធានាការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រកបដោយគុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងឆ្លើយតបទាន់ពេលវេលា និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។