News Detail

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីសម្រុះសម្រួលដោះស្រាយបណ្តឹង” ដល់ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌដែលទើបជាប់ឆ្នោតថ្មី

Resource: OWSO

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្គការតម្លាភាពកម្ពុជា (TIC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីសម្រុះសម្រួលដោះស្រាយបណ្តឹង” ដល់ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌដែលទើបជាប់ឆ្នោតថ្មី តាមរយ:កម្មវិធីZOOM។

នៅក្នុងកម្មវិធីនេះ មានការអញ្ជើញបើកវគ្គបណ្តុះបណ្តាលដោយ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងមានការអញ្ជើញចូលរួមពីលោក តូច ថុន អនុប្រធាននាយកដ្ឋាន គ្រូបង្គោល និងមន្ត្រីសម្របសម្រួលថ្នាក់ជាតិ ប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌដែលទើបជាប់ឆ្នោតថ្មី ព្រមទាំងតំណាងអង្គការដៃគូ សរុបប្រមាណ៣០រូប ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក បួន ហេង មានប្រសាសន៍ថា យន្តការការិយាល័យប្រជាពលរដ្ឋ ជាយន្តការឯករាជ្យមួយ ត្រូវបានរៀបចំឡើងនៅថ្នាក់រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ដែលមានតួនាទីសម្រាប់ធ្វើការសម្រុះសម្រួល ដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកប្រធានបានបញ្ជាក់ថា ការអនុវត្តយន្តការនេះកន្លងមក ពិតជាទទួលបាននូវការគាំទ្រពីរដ្ឋបាល អង្គការសង្គមស៊ីវិល ព្រមទាំងមានការជឿទុកចិត្តពីប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះដែរ លោកប្រធានក៏បានធ្វើការណែនាំដល់ប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវស្វែងយល់ឱ្យបានច្បាស់ពីតួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាចរបស់ខ្លួន និងស្វែងយល់បន្ថែមលើឯកសារផ្លូវច្បាប់នានា ក៏ដូចជាលិខិតបទដ្ឋានដែលក្រសួង ឬរដ្ឋាភិបាលបានដាក់ចេញ ព្រមទាំងបំពេញការងារឱ្យបានត្រឹមត្រូវទៅតាមរបៀបរបបការងារ និងនីតិវិធីដែលក្រសួងបានកំណត់ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអនុវត្តការងារជូនប្រជាពលរដ្ឋ។

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីសម្រុះសម្រួលដោះស្រាយបណ្តឹង” ដល់ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌដែលទើបជាប់ឆ្នោតថ្មី ប្រព្រឹត្តិទៅមានរយ:ពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដោយផ្តោតលើប្រធានបទចំនួន០៧ដូចខាងក្រោម៖
– តួនាទី ភារកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋ
– របៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋ
– នីតិវិធីនៃការទទួល និងសម្រាំងពាក្យបណ្តឹង
– នីតិវិធីនៃការសម្រុះសម្រួលដោះស្រាយបណ្តឹង
– នីតិវិធីស៊ើបអង្កេតបណ្តឹង
– ការទំនាក់ទំនង និងការចូលរួមជាមួយអង្គភាពពាក់ព័ន្ធ និងវិធីសាស្ត្រផ្សព្វផ្សាយព័ត៌មាន
– ការរៀបចំផែនការសកម្មភាព ការប្រើប្រាស់បុគ្គលិក និងការរៀបចំរបាយការណ៍។

Recently News