News Detail

វគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ៤១គោលដៅ

Resource: OWSO

ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ តាមរយៈប្រព័ន្ធ Video Conference ជូនដល់ក្រុង ស្រុក ខណ្ឌគោលដៅក្នុងជំហានដំបូងចំនួន៤១ក្រុង ស្រុក ខណ្ឌ។
គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកពាក់ព័ន្ធដែលត្រូវបំពេញការងារផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើការកែសម្រួលរចនាសម្ព័ន្ធក្រុង ស្រុក ខណ្ឌ ទៅជារចនាសម្ព័ន្ធគ្រប់គ្រងមួយតាមគោលការណ៍រដ្ឋបាលឯកភាពពេញលេញ ដោយបានធ្វើសមាហរណកម្មការិយាល័យជំនាញរបស់ក្រសួង ស្ថាប័ននានានៅថ្នាក់ក្រុង ស្រុក ខណ្ឌ ចូលទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងផ្ដល់សិទ្ធិអំណាចបន្ថែមទៀតដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការសម្របសម្រួល និងអន្តរាគមន៍លើកិច្ចការនានាកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។
ពិធីបើកវគ្គបណ្តុះបណ្តាលមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីអភិបាល អភិបាលរង នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជួរមុខ ជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅចំនួន៤១ក្រុង ស្រុក ខណ្ឌ សរុបប្រមាណជាង៥០០នាក់។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍ថា ការរៀបចំការិយាល័យច្រកចេញចូលតែមួយក្នុងបរិបទថ្មីនេះបានធ្វើឡើងស្របគ្នាទៅនឹងស្ថានភាពកំណែទម្រង់មុខងារ និងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងបានផ្សារភ្ជាប់ទៅនឹងចក្ខុវិស័យរបស់កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១-២០៣០) ដែលមានគោលបំណងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងការរៀបចំរដ្ឋបាលអេឡិចត្រូនិច។ ឯកឧត្តមបានបន្តថា ក្នុងការអនុវត្តកម្មវិធីជាតិដំណាក់កាលទី២នេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងបន្តសិក្សា រៀបចំគោលការណ៍បែបបទ នីតិវិធីនៃការអនុវត្តមុខងារ ទាំងមុខងារសម្រាប់ការអភិវឌ្ឍ និងមុខងារផ្ដល់សេវារដ្ឋបាល ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យការអនុវត្តមុខងារទាំងនោះកាន់តែមានភាពសាមញ្ញ ងាយស្រួល ឆាប់រហ័ស ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
វគ្គបណ្តុះបណ្តាលដែលមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានប្រព្រឹត្តទៅយ៉ាងរលូនតាមផែនការដែលបានគ្រោងទុក ដោយមានការធ្វើបទបង្ហាញលើប្រធានបទពាក់ព័ន្ធនឹង តួនាទី ភារកិច្ច របៀបរបបបំពេញការងារ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាល ដែលឧទ្ទេសនាមដោយក្រុមគ្រូបង្គោលរបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងដោយមានការចូលរួមយ៉ាងផុសផុលរបស់សិក្ខាកាមដែលលើកឡើងជាសំណួរពាក់ព័ន្ធនឹងការអនុវត្តការងារផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
នៅចុងបញ្ចប់វគ្គបណ្តុះបណ្តាល ក៏មានការអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទវគ្គដោយ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ លោកប្រធាននាយកដ្ឋានបានវាយតម្លៃខ្ពស់ទៅលើលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ។ លោក បួន ហេង មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាបានបង្កើនចំណេះដឹងមួយកម្រិតបន្ថែមទៀតដល់សិក្ខាកាមដែលបានចូលរួម ដើម្បីធ្វើជាមូលដ្ឋាននៅក្នុងការអនុវត្ដជាក់ស្តែងនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌរបស់ខ្លួនឱ្យសម្រេចបានជោគជ័យ។ លោកក៏បានផ្ដាំផ្ញើដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ អោយបន្តការសិក្សាស្វែងយល់បន្ថែមទៅលើបែបបទ នីតិវិធី នៃការផ្តល់សេវាតាមការិយាល័យច្រកចេញចូលតែមួយនេះតាមរយៈអនុក្រឹត្យ ប្រកាស និង សេចក្តីណែនាំនានារបស់ក្រសួងមហាផ្ទៃ ក៏ដូចជាស្នើសុំការណែនាំ និងការចែករំលែកបទពិសោធន៍គ្នាពីររដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានទទួលការបណ្តុះបណ្តាលរួចនៅក្នុងរដ្ឋបាលរាជធានី ខេត្តសាមីរបស់ខ្លួនបន្ថែមទៀត។ ចុងក្រោយ លោកបានបញ្ជាក់ថា អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងបន្តខិតខំសម្របសម្រួល និងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនិងវគ្គបណ្តុះបណ្តាលបច្ចេកទេសពាក់ព័ន្ធផ្សេងទៀត ជូនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងអស់នៅទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខនេះ។

Recently News