News Detail

វគ្គបណ្តុះបណ្តាលលើកទី៤ស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ

Resource: OWSO

កំពង់ធំ៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ធំមានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
ពិធីនេះមានការញ្ជើញចូលរួមដោយផ្ទាល់ពីនាយករដ្ឋបាលក្រុង ស្រុក ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីជួរមុខ ជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុកចំនួន៥ ក្នុងខេត្តកំពង់ធំ សរុបចំនួន៦០នាក់ និងក្រុង ស្រុក ខណ្ឌ ចំនួន៦១ផ្សេងទៀតនៃរដ្ឋបាលរាជធានី ខេត្តចំនួន១៩ ត្រូវចូលរួមតាមរយៈប្រព័ន្ធ Video Conference (ZOOM Meeting) សរុបប្រមាណ៦០០នាក់។
វគ្គបណ្តុះបណ្តាលនេះមានរយះពេល២ថ្ងៃដែលរៀបចំដោយនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ ហើយគឺជាការបណ្តុះបណ្តាលលើកទី៤ ជូនដល់ក្រុង ស្រុកដែលនៅសេសសល់ចុងក្រោយគេចំនួន៦៦ ក្រុង ស្រុក ដែលក្រុង ស្រុក ខណ្ឌចំនួន១៣៨នៅទូទាំងប្រទេសបានទទួលការបណ្តុះបណ្តាលរួចហើយនាពេលកន្លងមក បន្ទាប់ពីមានការកែសម្រួលឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌថ្មី។
ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើការកែសម្រួលរចនាសម្ព័ន្ធក្រុង ស្រុក ខណ្ឌ ទៅជារចនាសម្ព័ន្ធគ្រប់គ្រងមួយតាមគោលការណ៍រដ្ឋបាលឯកភាពពេញលេញ ដោយបានផ្ដល់សិទ្ធិអំណាចបន្ថែមទៀតដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការសម្របសម្រួល និងអន្តរាគមន៍លើកិច្ចការនានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។
ឯកឧត្តមបានបញ្ជាក់ថា ពេលនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធកំពុងធ្វើការពិនិត្យ និងកែសម្រួលលិខិតបទដ្ឋានពាក់ព័ន្ធឡើងវិញ ដែលក្នុងនោះ ក៏មានលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយផងដែរ។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា ការរៀបចំការិយាល័យច្រកចេញចូលតែមួយក្នុងបរិបទថ្មីនេះបានធ្វើឡើងស្របគ្នាទៅនឹងស្ថានភាពកំណែទម្រង់មុខងារ និងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងបានផ្សារភ្ជាប់ទៅនឹងចក្ខុវិស័យរបស់កម្មវិធីជាតិដំណាក់កាលទី២ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១-២០៣០) ដែលមានគោលបំណងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងការរៀបចំរដ្ឋបាលអេឡិចត្រូនិចផងដែរ។

 

Recently News