News Detail
វគ្គបណ្តុះបណ្តាលតាមរយ:កម្មវិធីZOOMស្តីពី “នីតិវិធីសម្រុះសម្រួល និងកត់ត្រាបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ”
Resource: OWSO
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្គការតម្លាភាពកម្ពុជា (TIC) បានរៀបចំវគ្គបណ្តុះបណ្តាលតាមរយ:កម្មវិធីZOOMស្តីពី “នីតិវិធីសម្រុះសម្រួល និងកត់ត្រាបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ”។
កម្មវិធីនេះ មានការអញ្ជើញបើកវគ្គបណ្តុះបណ្តាលដោយលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន ព្រមទាំងមានការអញ្ជើញចូលរួមពីលោក តូច ថុន អនុប្រធាននាយកដ្ឋាន ឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ គ្រូបង្គោល និងមន្ត្រីនាយកដ្ឋានសរុបចំនួន០៨រូបផងដែរ។
វគ្គបណ្តុះបណ្តាលចែកចេញជា០២វគ្គ៖
– វគ្គទី០១៖ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២១ អញ្ជើញប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌសរុបចំនួន៥៨គោលដៅ
– វគ្គទី០២៖ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ អញ្ជើញប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌសរុបចំនួន៦១គោលដៅ
វគ្គបណ្តុះបណ្តាលនេះ មានការធ្វើបទបង្ហាញលើប្រធានបទចំនួន០៩ ដូចខាងក្រោម៖
– រចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច សិទ្ធិអំណាចការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ
– របៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ
– នីតិវិធីនៃការទទួល និងសម្រាំងពាក្យបណ្តឹង
– នីតិវិធីនៃការសម្រុះសម្រួលដោះស្រាយបណ្តឹង
– នីតិវិធីស៊ើបអង្កេត
– ទំនាក់ទំនង និងការចូលរួមជាមួយអង្គភាពពាក់ព័ន្ធ
– វិធីសាស្ត្រផ្សព្វផ្សាយព័ត៌មាន
– ការរៀបចំផែនការសកម្មភាព និងការគ្រប់គ្រងបុគ្គលិក
– ការរៀបចំរបាយការណ៌
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីពង្រឹងសមត្ថភាពដល់ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌឱ្យយល់កាន់តែច្បាស់អំពី៖
១. តួនាទី ភារកិច្ច សិទ្ធិអំណាច និងរបៀបរបបបំពេញការងារ
២. គោលការណ៌ និងនីតិវិធីនៃការទទួល សម្រុះសម្រួលដោះស្រាយបណ្តឹង និង
៣. កែលម្អការកត់ត្រាបណ្តឹងនៅតុពិសេស និងការរៀបចំរបាយការណ៌។
