News Detail

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបច្ចេកទេសស៊ើបអង្កេតបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

Resource: OWSO

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានកិច្ចសហការជាមួយកម្មវិធីកំណែទម្រង់វិមជ្ឈការ និង
រដ្ឋបាល (DAR/GIZ) បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបច្ចេកទេសស៊ើបអង្កេតបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រយៈពេល០២ថ្ងៃចាប់ពីថ្ងៃ១១ ដល់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នៅសាលប្រជុំអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

សិក្ខាកាមអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន មន្ត្រីជំនាញរបស់នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត រួមទាំងប្រធានការិយាល័យក្រុង ស្រុក សរុបចំនួន២១រូប។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងធ្វើការបណ្តុះបណ្តាលគ្រូបង្គោលអំពីបច្ចេកទេសស៊ើបអង្កេតបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

បន្ទាប់ពីមតិស្វាគមន៍ពីតំណាងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល(DAR/GIZ)រួចមក ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែងបើកវគ្គបណ្តុះបណ្តាល ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបង្កើតការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ឯកឧត្តមមានប្រសាសន៍ថា ការិយាល័យនេះមានតួនាទី ទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលកន្លងមកនេះ ទទួលបានការសាទរ និងការគាំទ្រពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងឱ្យបានស៊ីជម្រៅពីវគ្គបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងសមត្ថភាពឱ្យក្លាយខ្លួនជាគ្រូបង្គោលម្នាក់ដើម្បីធ្វើការបណ្ដុះបណ្ដាលបន្ដនាថ្ងៃអនាគតបាន។

Recently News