News Detail

ពិធីសម្ពោធ និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត

Resource: OWSO

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ         និងជាប្រធាន គ.ជ.អ.ប បានអញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ និង​ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការអង្គភាព​ច្រកចេញ​​ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តទាំង២៥រាជធានី ខេត្ត ​នៅសាលាខេត្តពោធិ៍សាត់។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភាព ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធនានានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ ព្រមទាំង​អាជ្ញាធរមូលដ្ឋាន អាជីវករ ពាណិជ្ជករ ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតក្នុងខេត្ត​ពោធិ៍សាត់ សរុបប្រមាណ៤០០០រូប។ ថ្លែងសេចក្តីរាយការណ៍ក្នុងពិធីនេះ ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាល​ខេត្ត​ពោធិ៍សាត់ បានបញ្ជាក់ថា អង្គភាព​ច្រក​ចេញចូល​តែ​មួយ និងការិយាល័យប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ បានដាក់ឱ្យ​ដំណើរ​ការ​​​​​ជា​​បណ្ដោះ​អាសន្ន​ ដើម្បីផ្តល់សេវា​ជូនប្រជាពលរដ្ឋ កាលពីខែ​តុលា ឆ្នាំ២០១៨ ដែលកំពុងដំណើរ​ការ​ផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ​យ៉ាងសស្រាក់សស្រាំចំនួន១៤វិស័យ​។ ឯកឧត្តម​បានបញ្ជាក់បន្ថែមថា ក្រៅអំពីការបង្កើតអង្គភាពច្រកចេញ​ចូលតែមួយ នៅក្នុងខេត្តពោធិ៍សាត់ ក៏បាន​ដាក់​​ឱ្យ​​ដំណើរ​ការ​ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្រុង ស្រុក​​ចំនួន​ពីរ​ និង​រៀបចំជាយន្តការច្រកចេញចូលតែមួយ​សម្រាប់ស្រុក​​​​មិន​ទាន់មានលក្ខណសម្បតិ្តគ្រប់គ្រាន់ក្នុងការបង្កើតឱ្យមាន​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​​ ។ ថ្លែងសេចក្តីរាយការណ៍ក្នុងពិធីនេះផងដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អង្គ​ភាព​ច្រក​ចេញ​ចូល​តែមួយនីមួយទាំង២៥​រាជធានី ខេត្ត បាន និងកំពុងផ្តល់សេវាចំនួ​ន​៥៥៩ប្រភេទ​សេវា​លើវិស័យ​ជំនាញចំនួន១៥​​។ ចាប់​តាំងពីការ​​ដាក់ឱ្យ​ដំណើរ​ការ​អង្គ​ភាព​ច្រក​ចេញ​ចូល​តែមួយ នៅពាក់កណ្តាល​ឆ្នាំ២០១៨ រហូត​​​មក​​ដល់ចុងឆ្នាំ​២០១៩នេះ អង្គ​ភាព​ច្រក​ចេញ​ចូល​តែមួយ​ទាំង​២៥រាជធានី ខេត្ត​បាន​ផ្តល់​សេវា​សរុប​ចំនួន៦៩៤.៩៦៧សេវា និង​ទទួល​បាន​ចំណូល​ចំនួន៥៦.០៧១.០០៧.១៥៨រៀល (ហា​សិបប្រាំមួយប៊ីលាន ចិតសិបមួយលាន ប្រាំពីរពាន់ និងមួយរយហាសិបប្រាំបី​​រៀល) ប្រហែលជាង​១៤លានដុល្លាអាមេរិក ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា ទន្ទឹមនឹងការដាក់ឱ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ អគ្គនាយកដ្ឋានរដ្ឋបាល​ក៏បា​ន​​គាំទ្រដល់ការរៀបចំ និងដាក់ឱ្យដំណើរការការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត​ផងដែរ។ ការិយាល័យប្រជាពលរដ្ឋ គឺជាយន្តការអព្យាក្រឹតមួយ ដែលត្រូវបានបង្កើតឡើង​​ក្នុង​គោល​បំណង​លើក កម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោម​ជាតិ តាម​រ​យៈ​​ការទទួល និង​ការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា​សាធា​​រ​ណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ប្រកប​ដោយតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ នៅក្នុងពិធីសម្ពោធនេះ សម្តេចក្រឡាហោម បានមានប្រសាសន៍ថា ការសម្ពោធ​ដាក់​ឱ្យ​​ដំណើរ​​កា​រ​​​ជា​ផ្លូវ​ការនូវ​អង្គភាព​ច្រកចេញចូលតែមួយ និង​ការិយាល័​យ​ប្រ​ជា​ពលរដ្ឋ​រា​ជ​ធានី ខេត្តទាំង២៥រាជធានី ខេត្តនេះ គឺ​​ជា​សមិទ្ធ​ផល​ថ្មីមួយទៀត​ដែលរួម​ចំណែក​​​​សម្រេ​ច​ឱ្យ​បាននូវ​ចក្ខុវិ​ស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​កម្មវិធីកំណែ​ទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ ​​​តាមរយៈ​ការលើ​ក​កម្ពស់​ប្រសិទ្ធភាព និង​គុណភាព​​នៃ​ការ​ផ្តល់​​សេវា​រដ្ឋបាល​​ឱ្យ​បាន​កាន់​​តែ​​ល្អ​ប្រសើរ​​ឡើ​​ង​​​ជូន​ប្រជាពលរដ្ឋ។ សម្តេចមានប្រសាសន៍បន្តថា ការបង្កើត​យន្តការច្រក​ចេញចូល​តែមួយសម្រាប់ការផ្ដល់សេវារដ្ឋបាល​នៅ​រដ្ឋបាល​​ថ្នាក់​ក្រោម​ជាតិ ​​ក្នុង​បែប​ផែន​​ជា​អង្គភាពច្រកចេញចូលតែមួយនៅថ្នាក់រាជធានី ខេត្ត ឬ​ជា​កា​រិយា​​ល័​យ​ច្រ​ក​ចេញ​ចូល​​តែ​មួយ​នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ឬជាយន្តការច្រកចេញ​ចូល​​តែ​មួយ​នៅ​ថ្នាក់ស្រុក និ​ង​​ឃុំ សង្កាត់ គឺមានគោលបំណង បង្កលក្ខណៈងាយស្រួល និង​ឆ្លើយតប​ទាន់​ពេល​វេលា​ទៅ​នឹង​តម្រូវការ និង​សំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈការប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលលើវិស័យនានា​នៅ​កន្លែងតែមួយ សម្តេចបានបង្ហាញជាបទពិសោធន៍ថា បណ្ដាប្រទេសជឿនលឿនដែលមានប្រព័ន្ធគ្រប់គ្រងរដ្ឋបាល​បែបទំនើប​បានអនុវត្ត​យន្តការច្រកចេញចូលតែមួយនេះ ដើម្បីកាត់បន្ថយនូវ​ភាព​ស្មុគស្មាញ និងភាពសាំញ៉ាំ​នៃបែបបទ និងនីតិវិធីរដ្ឋបាល ដើម្បីជួយសម្រួលដល់​​ប្រជា​ពល​រដ្ឋក្នុងការស្នើសុំសេវា​នានា​ពី​​រដ្ឋបាលសាធារណៈ។ យ​ន្ត​កា​រ​​ច្រក​ចេញ​ចូល​​​តែ​មួ​យ​ត្រូវបានទទួលការ​វាយតម្លៃខ្ពស់ និងទាក់ទាញបាននូវការ​គាំទ្រពី​អ្នក​ប្រើប្រាស់​សេវា តាមរយៈ​ការកាត់​បន្ថយ​​បានជាអតិបរមានូវការិយាធិបតេយ្យ និងអំពើ​ពុក​រ​លួ​យ​ក្នុងការ​ស្នើសុំ​សេវា​នានា​ពីស្ថាប័នរដ្ឋ។ សម្តេចបានបញ្ចាក់ថា សម្រាប់ប្រទេសកម្ពុជា បានអនុវត្តយន្តការ​ច្រក​ចេញ​ចូលតែ​មួយ​​​រយៈ​ពេល​ប្រមាណ១៥​ឆ្នាំរួចមកហើយ ដោយចាប់ផ្តើមពីគម្រោង​សាកល្ប​ង​នៅស្រុកបាត់​ដំ​ប​ង​ នៃខេត្ត​បាត់​ដំ​ប​​​ង និងស្រុកសៀមរាប នៃ​ខេត្ត​សៀមរាប ក្នុងឆ្នាំ២០០៥។ គិតមកដ​ល់​ដំណាច់​ឆ្នាំ២០​១​៩​កន្លង​ម​ក​នេះ ការិយា​ល័​យ​​ច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវ​បានបង្កើត​ឡើង​នៅ​ថ្នាក់​​ក្រុង ស្រុ​​ក ខណ្ឌ​ បាន​ចំនួន១១៥ នៃ​រាជធានី ខេត្តទាំង​២៥ ដែលក្នុងនោះរួមមាន៖ រដ្ឋបាលក្រុ​ង​ចំនួន​២៧ រដ្ឋបា​ល​​​ស្រុ​ក​​ចំនួន​៧៤ និងរដ្ឋ​បាល​ខណ្ឌ​​ចំនួន​១៤ ស្មើនឹង៥៧% ​នៃចំនួនរដ្ឋបា​​ក្រុង ស្រុក​ ខណ្ឌ ចំ​នួ​ន​២០៣ ទូទាំង​ប្រទេ។ ចំណែកថ្នាក់រាជធានី ខេត្ត យើងបានបង្កើតជាអង្គភាពច្រកចេញចូលតែមួយទាំង២៥រាជធានី ខេត្ត ដែលកំពុងសម្ពោធ និងដាក់អោយដំណើរការជសផ្លូវការនៅពេលនេះ។ ជាមួយគ្នានេះដែរ ក្រសួងបាននិងកំពុងរៀបចំជាយន្តការច្រកចេញចូលតែមួយ​សម្រាប់ស្រុក​​​​មិន​ទាន់មានលក្ខណសម្បតិ្តគ្រប់គ្រាន់ក្នុងការបង្កើតឱ្យមាន​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​​ផងដែរ ។

Recently News