News Detail
ពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២០នៃការអនុវត្តការងារច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
Resource: OWSO
ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២០នៃការអនុវត្តការងារច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលពិធីនេះបានប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងមហាផ្ទៃ តំណាងក្រសួងពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សា និងអភិបាល នៃគណៈអភិបាលខេត្តកំពត ដៃគូអភិវឌ្ឍន៍ នាយក នាយករងរដ្ឋបាលសាលារាជធានី ខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យច្រកចេញចូលតែមួយ និងប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌសរុបប្រមាណ៤០០រូប (ស្រី៧២រូប)។
បន្ទាប់ពីលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអានរបាយការណ៍បូកសរុបលទ្ធផលនៃសិក្ខាសាលារួចហើយ ឯកឧត្តម ប្រាក់ សំអឿន បានសម្តែងមតិសំណេះសំណាល ព្រមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសិក្ខាសាលារយៈពេល២ថ្ងៃកន្លងមកនេះ។ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបំពេញការងារផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងជូនប្រជាពលរដ្ឋ សម្រេចបានលទ្ធផលគួរជាទីមោទនៈ។
ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ឥតឈប់ឈរ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារជូនប្រជាពលរដ្ឋ លើកកម្ពស់សមធម៌ក្នុងសង្គម និងដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបង្កើតនូវអង្គភាពច្រកចេញចូលតែមួយថ្នាក់រាជធានី ខេត្ត និងការិយាល័យច្រកចេញចូលតែមួយ ថ្នាក់ក្រុង ស្រុង ខណ្ឌ ដើម្បីផ្ដល់សេវារដ្ឋបាលចាំបាច់នានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសេវាទាំងនោះកាន់តែងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព។ ឯកឧត្តមបន្ថែមថា កិច្ចការនេះអាចសម្រេចបាន គឺទាមទារការចូលរួម និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចុងក្រោយ ឯកឧត្តមបានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំផ្សព្វផ្សាយព័ត៌មានអំពីការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយ ក៏ដូចជាការិយាល័យច្រកចេញចូលតែមួយ ឱ្យបានទូលំទូលាយ និងបំពេញការងារផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយភាពទន់ភ្លន់ រួសរាយ រាក់ទាក់ និងមិនត្រូវឱ្យកើតមានឡើងនូវការទាមទារយកកម្រៃបន្ថែមក្រៅពីកម្រៃសេវាដែលបានកំណត់ឡើយ។ 
