ខេត្តកណ្តាល៖ នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកណ្តាល មានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងគ្រូបង្គោលនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រធាន អនុប្រធានការិយាល័យច្រកចេញចូលតែមួយ និងមន្ត្រីទទួលបន្ទុកទទួលប្រគល់ឯកសារ ដែលអញ្ជើញមកពី១១ក្រុង ស្រុកនៃរដ្ឋបាលខេត្តកណ្តាល សរុបចំនួន៣៣រូប ។
តាមរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គរបស់លោក សួន សំរឹទ្ធ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបង្ហាញថា វគ្គបណ្តុះបណ្តាលរយះពេល០៣ថ្ងៃកន្លងមកនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយមានការធ្វើបទបង្ហាញលើប្រធានបទចំនួន១៥ ព្រមទាំងមានការចែករំលែកបទពិសោធន៍ ការសាកសួរសំណួរផ្សេងៗ និងការអនុវត្តសាកល្បងក្នុងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានៅក្នុងវគ្គផ្ទាល់តែម្តង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បួន ហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាល ព្រមទាំងបានណែនាំដល់សិក្ខាកាមទាំងអស់បន្តយកចិត្តទុកដាក់ប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានេះឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមបានបន្តថា ការប្រើប្រាស់កម្មវិធីព័ត័មានវិទ្យានេះ នឹងជួយសម្រួលដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្នុងការបំពេញការងារប្រចាំថ្ងៃ ការតាមដាន និងគ្រប់គ្រងដំណើរការនៃការផ្ដល់សេវារដ្ឋបាលប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ពិសេសកម្មវិធីនេះនឹងបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់តម្លាភាពជូនប្រជាពលរដ្ឋ ក្នុងការតាមដានចរន្តការឯកសារដែលបានស្នើសុំនៅលើទូរស័ព្ទដៃរបស់ខ្លួន ។
ឯកឧត្តមបញ្ជាក់បន្ថែមថា ការធ្វើទំនើបកម្មបច្ចេកវិទ្យានេះគឺ ដើម្បីឱ្យស្របនឹងបរិបទរីកចំរើននៃយុគសម័យឌីជីថល ឬឧស្សាហកម្ម ៤.០ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល។ ក្រសួងមហាផ្ទៃមានទស្សនៈវិស័យវែងឆ្ងាយ និងច្បាស់លាស់គឺការឈានទៅដល់ការស្នើសុំសេវាតាមប្រព័ន្ធអនឡាញ ដែលប្រជាពលរដ្ឋអាចស្នើសុំសេវានៅពេលណា និងទីកន្លែងណាក៏បាន។