រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខណ្ឌកំបូល មានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល ។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងគ្រូបង្គោលនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រធាន អនុប្រធានការិយាល័យច្រកចេញចូលតែមួយ និងមន្ត្រីទទួលបន្ទុកទទួលប្រគល់ឯកសារ ដែលអញ្ជើញមកពី១០ខណ្ឌនៃរាជធានីភ្នំពេញ និង ៨ស្រុកនៃខេត្តបាត់ដំបង រួមមាន៖ ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌព្រែកព្នៅ ខណ្ឌច្បារអំពៅ ខណ្ឌកំបូល នៃរាជធានីភ្នំពេញ និងស្រុកសង្កែ ស្រុកឯកភ្នំ ស្រុកសំពៅលូន ស្រុករុក្ខគិរី ស្រុកគាស់ក្រឡ ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុករតនមណ្ឌល។
តាមរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាលរបស់លោក អ៊ឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបង្ហាញថា វគ្គបណ្តុះបណ្តាលរយ:ពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ កន្លងមកនេះប្រព្រឹត្តទៅដោយរលូន ដោយមានការធ្វើបទបង្ហាញលើកម្មវិធីព័ត៌មានវិទ្យា ការចែករំលែកបទពិសោធន៍អនុវត្តកម្មវិធីនេះពីគ្រូបង្គោល ការសាកសួរសំណួរផ្សេងៗ និងការអនុវត្តសាកល្បងក្នុងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានៅក្នុងវគ្គផ្ទាល់តែម្តង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បួន ហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាល។ ឯកឧត្តមបានបញ្ជាក់ថា កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយនេះ គឺជាការធ្វើទំនើបកម្មឱ្យស្របនឹងបរិបទរីកចំរើននៃយុគសម័យឧស្សាហកម្ម ៤.០ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលរបស់កម្ពុជា។ ក្រសួងមហាផ្ទៃមានទស្សនៈវិស័យវែងឆ្ងាយ និងច្បាស់លាស់សម្រាប់ការធ្វេីទំនេីបកម្មការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដេីម្បីឈានទៅដល់ការស្នើសុំសេវាតាមប្រព័ន្ធអនឡាញ ដែលប្រជាពលរដ្ឋអាចស្នើសុំសេវានៅពេលណា និងទីកន្លែងណាក៏បាន។