News Detail
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់ការិយាល័យច្រកចេញចូលតែមួយគោលដៅថ្មីចំនួន១៥
Published Date: October 18, 2019
Resource: OWSO
សៀមរាប ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី មានការរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់ការិយាល័យច្រកចេញចូលតែមួយនៃស្រុកគោលដៅថ្មីចំនួន១៥ ក្រោមគណៈអធិបតីភាព ឯកឧត្តម ស៊ វរិន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និង ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។


ពិធីនេះមានការអញ្ជើញចូលរួមពីអភិបាល អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធាន និងមន្ត្រីជួរមុខ ជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយ សរុបប្រមាណ២០០រូប មកពីស្រុកគោលដៅថ្មីចំនួន១៥ រួមមាន៖ ស្រុកកណ្តាលស្ទឹង ស្រុកកោះធំ ស្រុកពញាឮ ស្រុកមុខកំពូល ស្រុកព្រៃឈរ ស្រុកចំការលើ ស្រុកបាធាយ ស្រុកអង្គរជ័យ ស្រុកកំពង់ត្រាច ស្រុកប្រាសាទបាគង ស្រុកគិរីវង់ ស្រុកគងពិសី ស្រុកបរិបូរណ៍ ស្រុកសន្ទុក និងស្រុកកោះញែក។
បន្ទាប់ពីលោក សូ សុភ័ក្រ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអានរបាយការណ៍លទ្ធផលនៃវគ្គបណ្តុះបណ្តាលរយៈពេល០៣ថ្ងៃកន្លងមកនេះ ឯកឧត្តម ស៊ វរិន មានប្រសាសន៍កោតសរសើរដល់សិក្ខាកាមទាំងអស់ ក៏ដូចជាគ្រូបង្គោលថ្នាក់ជាតិ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ដែលធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះទទួលបានជោគជ័យ។
ឯកឧត្តមមានប្រសាសន៍ថា ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះពិតជាមានសារសំខាន់សម្រាប់យកទៅអនុវត្តបំពេញការងារបម្រើសេវាជូនប្រជាពលរដ្ឋដោយផ្ទាល់ តាមមូលដ្ឋាន ដែលនឹងរួមចំណែកសម្រេចនូវគោលនយោបាយកំណែទម្រង់ការផ្តល់សេវាសាធារណ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបានផ្តាំផ្ញើដល់សិក្ខាកាមដែលជាថ្នាក់ដឹកនាំ និងមន្ត្រីនៃស្រុកគោលដៅទាំង១៥ស្រុក អោយចាត់ចែងរៀបចំដំណើរការការិយាល័យច្រកចេញចូលតែមួយ និងធ្វើការផ្តល់សេវាជូនប្រជាពលរដ្ឋ ស្របទៅតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ព្រមទាំងធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយបានទូលំទូលាយ តាមគ្រប់លទ្ធភាពដែលអាចធ្វើទៅបាន។
