នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ លោក នូវ និត អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “បែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក”សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំធំ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
ពិធីបិទវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមអគ្គនាយករង មន្ត្រីជំនាញ និងសិក្ខាកាមមកពីក្រុង ស្រុក១១៩គោលដៅ សរុបចំនួន៤២៥រូប។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក ត្រូវបានរៀបចំឡើងមានចំនួន១៤វគ្គជាបន្តបន្ទាប់ សម្រាប់ក្រុង ស្រុក ចំនួន១១៩ ចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ក្រោមកិច្ចសហការសម្របសម្រួលជាមួយក្រសួងមហាផ្ទៃ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីលើកកម្ពស់សមត្ថភាព និងផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រីនៃការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក សម្រាប់ការផ្តល់សេវារដ្ឋបាលក្នុងវិស័យសាធារណៈការ និងដឹកជញ្ជូន អោយកាន់តែមានប្រសិទ្ធភាព និងទទួលភាពជឿជាក់ពីប្រជាពលរដ្ឋដែលមកស្នើសុំសេវានៅការិយាល័យច្រកចេញចូលតែមួយ។