News Detail

បញ្ហាប្រឈមមួយចំនួន ត្រូវបានរាយការណ៍ និងដោះស្រាយនៅក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ស្តីពីការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់រដ្ឋបាលរាជធានី ខេត្ត

Resource: OWSO

នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានដឹកនាំក្រុមការងាររបស់នាយកដ្ឋាន ដើម្បីចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានាស្តីពីការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២២ តាមរយៈ Video Conference។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីតំណាងរដ្ឋបាលរាជធានី ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង២៥ អគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ ២០០នាក់។
ក្រុមការងាររបស់ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែត្រួតពិនិត្យ និងស្តាប់របាយការណ៍ និងបញ្ហាប្រឈមជារៀងរាល់ខែ រៀងរាល់ត្រីមាស និងឆមាស អំពីការអនុវត្តការងាររបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងការចុះទៅរៀបចំកិច្ចប្រជុំពិនិត្យដោយផ្ទាល់ និងតាមរយៈ Video Conference។
ក្នុងកិច្ចប្រជុំនេះ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តចំនួន១០គោលដៅ បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាស្តីពីការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បញ្ហាប្រឈមសំខាន់ៗទាំងនោះ រួមមាន៖
– ការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តនៅមិនទាន់បានទូលំទូលាយអំពីការផ្តល់សេវាក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
– ស្នើសុំរៀបចំសេចក្តីណែនាំ និងទម្រង់បែបបទលំអិតសម្រាប់អនុវត្តប្រភេទសេវាដែលនៅសេសសល់ ឱ្យស្របតាមអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
– ការស្នើសុំសេវាលើប្រភេទសេវាមួយចំនួនមានច្រើនលើសលប់ ធ្វើឱ្យការផ្តល់សេវាមានភាពយឺតយ៉ាវ
– ការផ្លាស់ប្តូរមន្ត្រីថ្មីនៅក្នុងអង្គភាពច្រកចេញចូលតែមួយ ធ្វើឱ្យយល់ដឹងអំពីនីតិវិធីនៃផ្តល់សេវាវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅមានកម្រិត
ជាមួយគ្នានេះដែរ អង្គភាពច្រកចេញចួលតែមួយក៏បានស្នើសុំឱ្យមានការបណ្តុះបណ្តាលជាថ្មីឡើងវិញអំពីបែបបទ និងនីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវាក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ និងបញ្ហាប្រឈមរបស់រដ្ឋបាលខេត្តទាំង១០រួច កិច្ចប្រជុំបានសម្រេច និងផ្តល់ការណែនាំជូនដល់រដ្ឋបាលរាជធានី ខេត្ត នូវការងារមួយចំនួនដូចខាងក្រោម៖
– ប្រភេទសេវាមួយចំនួនតម្រូវឱ្យមានការត្រួតពិនិត្យ និងផ្តល់សេវាជូនអ្នកស្នើសុំឱ្យបានទាន់ពេលវេលាដែលបានកំណត់ ព្រោះអាចឱ្យប៉ះពាល់សុខភាពសត្វ ហេតុដូច្នេះស្នើឱ្យរដ្ឋបាលរាជធានី ខេត្តត្រូវពន្លឿនការផ្តល់សេវាជូនអ្នកស្នើសុំសេវា
– ក្រុមការងារក្រសួងមហាផ្ទៃ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងរៀបចំសេចក្តីណែនាំដែលនៅសេសសល់ឱ្យស្របតាមអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
– ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំវគ្គបណ្តុះបណ្តាលអំពីបែបបទ និងនីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវាក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរដ្ឋបាលរាជធានី ខេត្ត ជូនរដ្ឋបាលរាជធានី ខេត្ត ក្នុងឆ្នាំ២០២២នេះតាមរយៈ Video Conference និងក្នុង២០២៣ នឹងរៀបចំបណ្តុះបណ្តាលដោយផ្ទាល់
– ស្នើអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមសេចក្តីណែនាំអន្តរក្រសួងលេខ៣២៧ សណន.កសក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីបែបបទ និងនីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវាក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរដ្ឋបាលរាជធានី ខេត្ត និងត្រូវយកកម្រៃសេវាតាមប្រកាសអន្តរក្រសួងលេខ១០១៣ សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

Recently News