News Detail

បញ្ហាប្រឈមគន្លឹះចំនួន០៣ ត្រូវបានលើកយកមកពិភាក្សា ស្វែងរកដំណោះស្រាយតាមរយ:កិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តប្រចាំឆមាសទី១ ឆ្នាំ២០២២

Resource: OWSO

ខេត្តសៀមរាប៖ កិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃការអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ត្រូវបានរៀបចំឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធីបតីយភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តសៀមរាប នាយករដ្ឋបាលមកពី២៥រាជធានី ខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ២៥រាជធានី ខេត្ត អង្គការដៃគូ និងអ្នកពាក់ព័ន្ធសរុបចំនួន៥៩រូប។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សំអឿន បានអញ្ជើញដឹកនាំកិច្ចពិភាក្សា ដោយផ្ទាល់ ដោយផ្តោតលើបញ្ហាប្រឈមសំខាន់ៗគន្លឹះចំនួន០៣។
បញ្ហាប្រឈមដែលបានលើកយកមកពិភាក្សា និងដោះស្រាយ រួមមាន
(១) ការគាំទ្រថវិកាសម្រាប់ការិយាល័យប្រជាពលរដ្ឋ
(២)ការចាត់វិធានការអនុវត្តចំពោះលទ្ធផលនៃបណ្ដឹងដែលបានរកឃើញដោយការិយាល័យប្រជាពលរដ្ឋ និង
(៣) ការពង្រឹងការផ្សព្វផ្សាយព័ត៌មានជូនអ្នកពាក់ព័ន្ធ និងសាធារណជន
ជាមួយគ្នានេះដែរ កិច្ចប្រជុំក៏បានផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីដំណើរការនៃការវាយតម្លៃលើការបំពេញការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តផងដែរ។
សូមបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីដើមឆ្នាំ២០២០កន្លងមក។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវានិងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទទួលនិងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

Recently News