News Detail

ការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋនៃស្រុកគោលដៅថ្មីចំនួន៣១ នឹងដាក់ឱ្យដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងខែមេសាខាងមុខនេះ

Published Date: February 27, 2019

Resource: OWSO

ការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋនៃស្រុកគោលដៅថ្មីចំនួន៣១ នឹងដាក់ឱ្យដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងខែមេសាខាងមុខនេះ បន្ថែមលើការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋចំនួន៥២ក្រុង ស្រុក ខណ្ឌគោលដៅដែលបាន និងកំពុងដំណើរការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋរួចហើយ។ នេះជាប្រសាសន៍លោក បូន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ចនិងរបៀបរបបធ្វើការងាររបស់ការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាបនៅព្រឹកថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ វគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ចនិងរបៀបរបបធ្វើការងាររបស់ការិយល័យាច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋត្រូវបានរៀបចំឡើងដោយនាយកដ្ឋានមុខងារ និងមានការសមាជិកសមាជិកាសរុបចំនួនប្រមាណ២០០រូប ដែលមានសមាសភាពជាអភិបាល អភិបាលរងស្រុក ប្រធាន អនុប្រធានការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ មន្ត្រីជួរមុខ ជួរក្រោយ និងតំណាងគម្រោងសហភាព អឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាលដែលបានសហការគាំទ្រវគ្គបណ្តុះបណ្តាល។ លោក បួន ហេង មានប្រសាសន៍ថា គោលបំណងសំខាន់នៃការរៀបចំបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋគឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលយកសេវាដែលពួកគាត់ត្រូវការចាំបាច់ប្រកបដោយតម្លាភាព និងទាន់ពេលវេលា។ បន្ថែមលើសពីនេះ ការិយាល័យច្រកចេញចូលតែមួយរួមចំណែកប្រមូលប្រាក់ចំណូលជូនជាតិតាមរយៈកម្រៃសេវាដែលទទួលបានពីការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ជាក់ស្តែង ចាប់ពីឆ្នាំ២០០៥ រហូតមកដល់ដំណាច់ឆ្នាំ២០១៨នេះ ការិយាល័យច្រកចេញចូលតែមួយដែលបាន និងកំពុងដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋទាំង៥២គោលដៅផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួនជាង៣លាន៦សែនសេវា ដែលប្រមូលថវិកាបានប្រមាណជាង១៧លានដុល្លាអាមេរិក។ ចំណូលដែលទទួលបានទាំងនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅ មូលដ្ឋានតាមក្រុង ស្រុក ខណ្ឌនីមួយ។ លោកបានបញ្ជាក់យ៉ាងដូច្នេះ។ គួរបញ្ជាក់ថា ក្រៅអំពីការបង្កើតការិយាល័យច្រកចេញចួលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ រាជ្យរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃបានបង្កើតអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តទាំង២៥រាជធានីខេត្តរួចហើយ។ ហើយក្នុងពេលថ្មីៗកន្លងមកនេះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវសេចក្តីណែនាំស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលស្រុកដែលពុំទាន់មានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការបង្កើតការិយាល័យច្រកចេញចូលតែមួយ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលស្ថិតក្នុងស្រុកដែលពុំទាន់មានលទ្ធភាពបង្កើតការិយាច្រកចេញចូលតែមួយមានឱកាសទទួលបានសេវារដ្ឋបាលដូចស្រុកដែលបានបង្កើតការិយាល័យច្រកចេញចូលតែមួយផងដែរ។

Recently News