News Detail
ដំណើរទស្សនកិច្ចសិក្សាដើម្បីស្វែងយល់ពីការផ្ដល់សេវាតាមរយៈយន្ដការច្រកចេញចូលតែមួយនៅខេត្តប៊ិញយឿង និងខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
Published Date: March 12, 2019
Resource: OWSO
លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចសិក្សារយៈពេល៤ថ្ងៃ ដើម្បីស្វែងយល់ពីការផ្ដល់សេវាតាមរយៈយន្ដការច្រកចេញចូលតែមួយនៅខេត្តប៊ិញយឿង និងខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្រោមកិច្ចសហការសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សាពីសំណាក់រដ្ឋបាលខេត្តក្រចេះ ទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ដែលមាន សមាសភាពសរុបចំនួន៤០រូប មកពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប រដ្ឋបាលខេត្តក្រចេះ និងប្រធានអង្គភាពច្រកចេញចូលតែមួយទាំង២៥រាជធានី ខេត្ត។


លោក បួន ហេង មានប្រសាសន៍ថា ទស្សនកិច្ចសិក្សានេះមានគោលបំណងសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍អំពីការផ្ដល់សេវាតាមរយៈយន្ដការច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្ត និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅខេត្តប៊ិញយឿង និងខេត្តប៊ិញភឿកនៃសាធារណរដ្ឋវៀតណាម។
ក្នុងដំណើរទស្សនកិច្ចសិក្សានេះ គណៈប្រតិភូកម្ពុជា បានស្ដាប់ការធ្វើបទបង្ហាញអំពីស្ថានភាព និងបញ្ហាប្រឈមនៃការរៀបចំដំណើរការផ្ដល់សេវាជូនប្រជាពលរដ្ឋតាមរយៈយន្ដការច្រកចេញចូលតែមួយរបស់តំណាងខេត្តទាំងពីរ។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានអញ្ជើញទៅពិនិត្យមើលទីតាំង ការរៀបចំទីកន្លែង និងដកស្រង់បទពិសោធន៍នៃផ្ដល់សេវាផ្ទាល់របស់រដ្ឋបាលខេត្តប៊ិញយឿង និងសាលាក្រុងយីអាង។ តាមការពិនិត្យជាក់ស្ដែងនូវការរៀបចំយន្ដការច្រកចេញចូលតែមួយនៅសាលាខេត្ត និងសាលាក្រុងទាំងពីរ ប្រជាជន អាចស្នើសុំសេវាតាមមធ្យោបាយច្រើនប្រភេទដូចជា ការមកទទួលសេវាផ្ទាល់ ការប្រើប្រាស់ប្រព័ន្ធអនឡាញ និងតាមរយៈ ប្រៃសណីយ៍ ដោយទូទាត់តាមរយៈ ការបង់ប្រាក់ផ្ទាល់នៅនឹងបញ្ជរ តាមរយៈទីភ្នាក់ងារផ្ទេរប្រាក់ និងម៉ាស៊ីន ATM ដែលមាននៅក្នុងបរិវេណសាលាខេត្ត និងសាលាក្រុងតែម្ដង។

មុនពេលបញ្ចប់ដំណើរទស្សនកិច្ច គណៈប្រតិភូកម្ពុជា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តទាំងពីរនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ ដំណើរទស្សនកិច្ចសិក្សាដែលទទួលលទ្ធផលជាផ្លែផ្កាដោយទទួលបាននូវព័ត៌មាន និងបទពិសោធន៍ជាច្រើនពាក់ព័ន្ធនឹងដំណើរការផ្ដល់សេវាតាមរយៈ យន្ដការច្រកចេញចូលតែមួយ ព្រមទាំងបទពិសោធន៍ល្អៗដែលបានអនុវត្តនៅទីនោះ ដែលលទ្ធផលទាំងនេះ នឹងក្លាយជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំ និងកែសម្រួលយន្តការផ្តល់សេវាតាមរយៈច្រកចេញចូលតែមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។



