ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអនុញ្ញាតអោយទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍អាស៊ី (CRISIL) ជួបពិភាក្សាស្វែងយល់អំពីការងារវិមជ្ឈការថ្នាក់ក្រោមជាតិលើការងារគ្រប់គ្រង ប្រតិបត្តិ ថែទាំ និងការប្រមូលកម្រៃសេវាសំណល់ទីប្រជុំជន សម្រាប់គម្រោងសិក្សាពីការស្តារថ្លៃដើមឡើងវិញនៃសេវាគ្រប់គ្រងសំរាម សំណល់រឹង និងអនាម័យ។
ឯកឧត្តម បួន ហេង បានស្វាគមន៍ទីប្រឹក្សាក្រុមការងារបច្ចេកទេសធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំងបានជម្រាបជូនយ៉ាងលម្អិតនូវការងារវិមជ្ឈការថ្នាក់ក្រោមជាតិលើការងារគ្រប់គ្រង ប្រតិបត្តិ ថែទាំ និងការប្រមូលកម្រៃសេវាសំណល់ទីប្រជុំជនដែលអនុវត្តកន្លងមក។
ជាមួយគ្នានេះដែរ ទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍អាស៊ី បានជម្រាបអំពីផែនការជ្រើសរើសក្រុងចំនួន០៣ រួមមានក្រុងកំពង់ចាម ក្រុងក្រចេះ និងក្រុងស្ទឹងត្រែង ដើម្បីចុះសិក្សា និងស្វែងយល់អំពីការរៀបចំប្រព័ន្ធគ្រប់គ្រងការបង់ប្រាក់កម្រៃសេវាប្រមូលសំរាម។