News Detail

ក្រសួងមហាផ្ទៃសហការជាមួយក្រសួងពាក់ព័ន្ធរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានអំពីបច្ចេកទេសនៃការផ្តល់សេវាតាមវិស័យជំនាញ តាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

Resource: OWSO

ខេត្តកំពង់ចាម៖ ដោយមានកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធនានា ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានអំពីបច្ចេកទេសនៃការផ្តល់សេវាតាមវិស័យជំនាញ តាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌជូនដល់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន០៩ រួមមាន ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។

នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ចាម មានរៀបចំពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយនេះ
ក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម ឌួង វីរៈ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងគ្រូបង្គោលតាមវិស័យជំនាញ ដូចជាវិស័យទេសចរណ៍ វិស័យវប្បធម៌ វិស័យឧស្សាហកម្ម និងវិស័យរ៉ែ និងថាមពល ព្រមទាំង ប្រធានការិយាល័យច្រកចេញចូលតែមួយ មន្ត្រីជួរមុខផ្នែកប្រគល់ទទួលឯកសារ និងមន្ត្រីបច្ចេកទេសតាមវិស័យជំនាញ ដែលមកពីបណ្តាលក្រុងស្រុកនៃខេត្តទាំង០៩ខាងលើ សរុបប្រមាណ ៤៣៨នាក់។

កិច្ចប្រជុំផ្សព្វផ្សាយនេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី០២ និងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដោយមានការធ្វើបទបង្ហាញពីតំណាងក្រសួងទេសចរណ៍ តំណាងក្រសួងវប្បធម៌ តំណាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត និងតំណាងក្រសួងរ៉ែ និងថាមពល។
ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលបង្ហាញថា វគ្គផ្សព្វផ្សាយនេះទទួលបានលទ្ធផលគួរជាទីមោទនៈ។

នៅក្នុងពិធីបិទវគ្គផ្សព្វផ្សាយនារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ លោក សួន សំរឹទ្ធ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គផ្សព្វផ្សាយនេះ ព្រមទាំងបានណែនាំដល់មន្ត្រីនៃការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ពេលត្រឡប់ទៅវិញ សូមពាំនាំយកនូវការណែនាំពីតំណាងក្រសួងជំនាញ ទៅអនុវត្តឱ្យបានត្រឹមត្រូវក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់។

Recently News