News Detail

កិច្ចសន្ទនារវាងក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃជាមួយប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តតាមប្រព័ន្ធពីចំងាយ (Video Conference)

Resource: OWSO

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានរៀបចំកិច្ចសន្ទនាជាមួយលោក លោកស្រីប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តទាំង២៥តាមប្រព័ន្ធវីដេអូពីចំងាយ (Video Conference) ក្រោមអធិបតីភាពលោក តូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពីលោក លោកស្រីប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តទាំង២៥ និងលោក លោកស្រីមន្រ្តីជំនាញនៃនាយកដ្ឋានមុខងារ និងធនធានសរុបចំនួន៥៧រូប។

កិច្ចសន្ទនានេះមានគោលបំណងស្វែងយល់ពីដំណើរការនៃការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងបញ្ហាប្រឈមនានាដែលការិយាល័យប្រជាពលរដ្ឋបានជួបប្រទះនៅក្នុងដំណើរការសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តនាពេលកន្លងមក។

លោក តូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន បានមានប្រសាសន៍បញ្ជាក់អំពីស្ថានភាពបច្ចុប្បន្ននៃយន្តការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តដែលទទួលបានការសាទរ និងជំនឿទុកចិត្តពីសាធារណជនទូទៅ ប៉ុន្តែទន្ទឹមនេះ ក៏មានការិយាល័យប្រជាពលរដ្ឋមួយចំនួនតូចនៅពុំទាន់អនុវត្តការងារបានល្អប្រសើរនៅឡើយ។

នៅក្នុងវេទិកាពិភាក្សានេះ លោក លោកស្រីប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តលើកឡើងអំពីការអនុវត្តការងារ និងបញ្ហាប្រឈមនានាដែលការិយាល័យប្រជាពលរដ្ឋបានជួបប្រទះនាពេលកន្លងមក ព្រមទាំងបានចូលរួមមតិយោបល់ល្អៗយ៉ាងផុលផុសពាក់ព័ន្ធនឹងដំណើរការនៃអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋ និងបានលើកឡើងនូវសំណើសំណូមពរមួយចំនួន ក្នុងគោលបំណងសុំការគាំទ្របន្ថែមពីក្រសួងមហាផ្ទៃ។
នៅចុងបញ្ចប់នៃកិច្ចសន្ទនានេះ ប្រធានអង្គប្រជុំក៏បានផ្ដល់ជាមតិផ្ដាំផ្ញើដល់លោក លោកស្រីប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ឱ្យខិតខំយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យស្របតាមគោលការណ៍ និងលិខិតបទដ្ឋានគតិយុត្តដែលបានដាក់ចេញ ព្រមទាំងជម្រាបពីទិសដៅមួយចំនួនដែលនាយកដ្ឋានមុខងារ និងធនធានគ្រោងនឹងអនុវត្តនាពេលដ៏ខ្លីខាងមុខនេះពាក់ព័ន្ធនឹងការិយាល័យប្រជាពលរដ្ឋ។

Recently News