News Detail
កិច្ចប្រជុំ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង និងការបែងចែកចំណូលកម្រៃសេវារដ្ឋបាលនៃអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
Resource: OWSO


ភ្នំពេញ៖នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង និងការបែងចែកចំណូលកម្រៃសេវារដ្ឋបាលនៃអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយ ឯកឧត្តម ប៊ូ វង្សសុខា អគ្គនាយករង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង លេខាធិការដ្ឋាន គ.ជ.អ.ប. រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សរុបចំនួន ១៣រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើខ្លឹមសារសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង និងការបែងចែកចំណូលដែលបានមកពីកម្រៃសេវានៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ និងពិភាក្សាលើជំហានបន្ទាប់ដែលត្រូវអនុវត្ត ដើម្បីឱ្យអនុក្រឹត្យនេះត្រូវបានដាក់ជូនថ្នាក់ដឹកនាំពិនិត្យ សម្រេច និងដាក់ចេញឱ្យអនុវត្តបានឆាប់រហ័ស។
លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បន្ទាប់ពីការចាប់ផ្តើមដំណើរការអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រុមការងារដែលរួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលេខាធិការដ្ឋាន គ.ជ.អ.ប. បានចុះសិក្សានៅតាមខេត្តគោលដៅមួយចំនួន ដើម្បីត្រៀមរៀបចំជាអនុក្រឹត្យនេះឡើង។ លោកបានបន្តថា សម្រាប់ការផ្តល់សេវា រដ្ឋបាលរាជធានី ខេត្តនឹងត្រូវរាប់រងកិច្ចប្រតិបត្តិការខ្ពស់លើការចំណាយទឹក ភ្លើង ការចុះបេសកកម្ម ជាពិសេសដើម្បីលើកទឹកចិត្តមន្ត្រីដើម្បីផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព។
ឯកឧត្តម ងី ច័ន្ទ្រផល មានប្រសាសន៍ថា រយៈពេល០៩ខែដើមឆ្នាំ២០១៩នេះ អង្គភាពច្រកចេញចូលតែមួយទាំង២៥រាជធានី ខេត្ត ផ្តល់សេវាបានចំនួន ៤០១.៥៧៣ សេវា និងដែលទទួលបានចំណូលសរុបប្រមាណ ៨.៦៦១.៣៧៦,០០ដុល្លារ ដែលលទ្ធផលនេះ កើតចេញពីកិច្ចខិតខំប្រឹងបំពេញការងារប្រកបដោយការទទួលខុសត្រូវរបស់រដ្ឋបាលរាជធានី ខេត្ត ពិសេសអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ផ្អែកតាមគោលការណ៍ និងផែនការដែលបានគ្រោងទុក អនុក្រឹត្យស្តីពីការគ្រប់គ្រង និងការបែងចែកចំណូលកម្រៃសេវារដ្ឋបាលនៃអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តនឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។