News Detail

កិច្ចប្រជុំពិភាក្សាអំពីការរៀបចំផតថលសម្រាប់ការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិនៅក្នុងគម្រោងរៀបចំគេហទំព័រផតថលជាតិ (National Web Portal)

Resource: OWSO

នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់អគ្គនាយកដ្ឋានរដ្ឋបាល រួមមាន ឯកឧត្តម ឆាន់ ចន្ទសុភក្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក អ៊ឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល លោក ថៃ សុខអាន អនុប្រធានការិយាល័យកិច្ចការច្រកចេញចូលតែមួយ នៃនាយកដ្ឋានមុខងារ និងធនធាន និងលោកវរសេនីយ៍ឯក ផាត់ សុភា អនុប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សានឹងជាជំនួយការ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសម្រាប់គម្រោងរៀបចំគេហទំព័រផតថលជាតិ (National Web Portal)។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សរុប១៤រូប។
កិច្ចប្រជុំពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញអំពីទិដ្ឋភាពទូទៅនៃការរៀបចំគេហទំព័រផតថលជាតិ និងការស្នើសុំកិច្ចសហការពីក្រសួងមហាផ្ទៃ ដើម្បីរៀបចំជាផតថលមួយសម្រាប់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ពាក់ព័ន្ធនឹងការរៀបចំកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។
គួរបញ្ជាក់ថា គម្រោងរៀបចំគេហទំព័រផតថលជាតិ (National Web Portal) ផ្តោតសំខាន់ទៅលើការប្រមូលម្ដុំកម្មវិធីព័ត៌មានវិទ្យា ឬប្រព័ន្ធផ្សេងៗដែលបានបង្កើតឡើងដោយក្រសួង ស្ថាប័ននានា និងក្រុមហ៊ុនឯកជននានា ឬ ក្រសួង ស្ថាប័នទាំងឡាយណាដែលត្រៀម និងកំពុងអភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យានានា ឱ្យមកស្ថិតក្រោមការគ្រប់គ្រងតែមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងប្រទេសលើការកសាងរដ្ឋាភិបាលឌីជីថល ដែលអាចសម្រេចបាននូវចក្ខុវិស័យ គោលបំណង និងគោលដៅយុទ្ធសាស្រ្ដនៃគោលនយោបាយរដ្ឋាភិបាលឌីជីថល។

Recently News