News Detail
កិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍លទ្ធផលនៃការចុះសិក្សាវាយតម្លៃមុខងារវិស័យអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ
Published Date: April 27, 2023
Resource: OWSO
ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ អនុគណៈកម្មាធិការមុខងារ និងធនធាននៃ គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍លទ្ធផលនៃការចុះសិក្សាវាយតម្លៃមុខងារវិស័យអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារT27 ទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍អនុគណៈកម្មាធិការមុខងារ និងធនធាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកអនុគណៈកម្មាធិការមុខងារ និងធនធាន ឯកឧត្តម លោក លោកស្រីជាក្រុមការងារអន្តរក្រសួងសិក្សាវាយតម្លៃមុខងារអប់រំ និងអ្នកពាក់ព័ន្ធចំនួន៥១រូប។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីបង្ហាញខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងរបាយការណ៍ ព្រមទាំងធ្វើការពិនិត្យ និងពិភាក្សាប្រមូលធាតុចូលរបស់អ្នកពាក់ព័ន្ធសំខាន់ៗដើម្បីធ្វើអោយសេចក្តីព្រាងរបាយការណ៍នេះកាន់តែមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។
ផ្អែកតាមអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ លេខ១៨២,១៨៣ និង១៨៤ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានផ្ទេរមុខងារចំនួន៥៥មុខងារ ក្នុងវិស័យចំនួន២០ ទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ក្នុងនោះ មុខងារក្នុងវិស័យអប់រំចំនួន០៦ ត្រូវបានផ្ទេរតាមបែបផែននៃការប្រគល់ (វិមជ្ឈការ) ទៅទូទាំងក្រុង ស្រុក នៃខេត្តបាត់ដំបង និងតាមបែបប្រតិភូកម្ម (វិសហមជ្ឈការ) ទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌដទៃពីខេត្តបាត់ដំបង។
មុខងារទាំង០៦នោះរួមមាន៖
១.មុខងារការគ្រប់គ្រងអប់រំកុមារតូច
២.មុខងារការគ្រប់គ្រងការអប់រំបឋមសិក្សា
៣.មុខងារការគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ
៤.មុខងារការងាររដ្ឋបាលគាំទ្រគ្រឹះស្ថានមធ្យមសិក្សាចំណេះដឹងទូទៅ
៥.មុខងារអភិវឌ្ឃនយុវជន និង
៦.ការងារអប់រំកាយ និងកីឡា
ការផ្ទេរមុខងារទាំង០៦ ក្នុងវិស័យអប់រំទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបានអនុវត្តចាប់ពីដើមឆ្នាំ២០២០ ដែលរហូតមកដល់ពេលនេះមានរយៈពេល០៣ឆ្នាំមកហើយ។
អាស្រ័យហេតុនេះ ចាំបាច់ត្រូវមានការចុះសិក្សាវាយតម្លៃ ដើម្បីពិនិត្យស្ថានភាព និងលទ្ធផលនៃការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារទាំងនោះ។
គួររំលឹកបន្ថែមផងដែរថា កន្លងមកនេះ ក្រុមការងារអន្តរក្រសួងដែលមានសមាសភាពចំរុះមកពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការសម្របសម្រួល និងដឹកនាំដោយលេខាធិការដ្ឋាន គ.ជ.អ.ប បានចុះសិក្សា វាយតម្លៃលើមុខងារវិស័យអប់រំដែលបានប្រគល់ និងធ្វើប្រតិភូកម្មទៅរដ្ឋបាលក្រុង ស្រុក លើខេត្តគោលដៅចំនួន០៣ គឺ ខេត្តបាត់ដំបង ខេត្តកំពត និងខេត្តក្រចេះ។
ក្រុមការងារបានរៀបចំជាកិច្ចពិភាក្សា និងជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នកពាក់ព័ន្ធ ដូចជា តំណាងរដ្ឋបាលខេត្ត តំណាងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរមុខងារសាធារណៈ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារខេត្ត តំណាងរដ្ឋបាលក្រុង ស្រុក ការិយាល័យអប់រំ យុវជន និងកីឡាស្រុក មេឃុំ ចៅសង្កាត់ នាយកសាលា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស។
បន្ថែមលើការចុះសិក្សានេះ ក្រុមការងារបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់បន្ថែមទៀតកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ដើម្បីរៀបចំជាសេចក្តីព្រាងរបាយការណ៍លទ្ធផលនៃការសិក្សាវាយតម្លៃនេះឡើង។
