ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានរៀបចំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលសម្រាប់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំអគ្គនាយកដ្ឋានរដ្ឋបាល ដឹកនាំដោយ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងមានការចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋានពាក់ព័ន្ធ តំណាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ទីប្រឹក្សាបច្ចេកទេសដែលគាំទ្រដោយកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល(DAR/GIZ) ព្រមទាំងក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន សរុបចំនួន១៣រូប។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលសម្រាប់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ។ នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអគ្គនាយកក៏បានគូសបញ្ជាក់អំពីប្រវត្តិនៃការបង្កើតការិយាល័យប្រជាពលរដ្ឋ និងសារៈសំខាន់នៃការរៀបចំសៀវភៅណែនាំនេះឡើង ដើម្បីរួមចំណែកបំពេញចំណុចខ្វះខាតមួយចំនួនពាក់ព័ន្ធនឹងទៅនឹងកិច្ចការរដ្ឋបាលដែលការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌបានជួបប្រទះ។
បន្ទាប់មកទីប្រឹក្សាបច្ចេកទេសក៏បានធ្វើបទបង្ហាញអំពីខ្លឹមសារសំខាន់ៗ នៃសេចក្តីព្រាងសៀវភៅណែនាំនេះ និងមានការចូលរួមផ្តល់យោបល់យ៉ាងផុលផុសពីអគ្គនាយករង ប្រធាននាយកដ្ឋានពាក់ព័ន្ធ និងតំណាងសាលាជាតិរដ្ឋបាលមូលដ្ឋាននៅក្នុងកិច្ចប្រជុំនេះផងដែរ។