News Detail

កិច្ចប្រជុំពិនិត្យវាយតម្លៃ និងគាំទ្រលើការ អនុវត្តមុខងារសេវាដឹកជញ្ជូនផ្លូវគោកនៅអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យច្រកចេញចូលតែមួយ

Resource: OWSO

កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ក្រុមការងារក្រសួងមហាផ្ទៃ ដឹកនាំដោយលោក អ៊ឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល និងក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងការចុះគាំទ្រលើការអនុវត្តមុខងារដែលបានប្រគល់ និងធ្វើប្រតិភូកម្មលើការផ្តល់សេវាដឹកជញ្ជូនផ្លូវគោកនៅអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង នៃរដ្ឋបាលខេត្តមណ្ឌលគីរី រដ្ឋបាលខេត្តរតនៈគីរី និងរដ្ឋបាលខេត្ត ស្ទឹងត្រែង។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តក្រុងគោលដៅខាងលើ ដែលរួមមាន អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រធានការិយាល័យច្រកចេញចូលតែមួយ និងមន្ត្រីពាក់ព័ន្ធផងដែរ។

ដោយឡែក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្រុមការងារអន្តរក្រសួង បន្តចុះត្រួតពិនិត្យ វាយតម្លៃ និងការចុះគាំទ្រលើការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្មលើការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹកនៅអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង នៃ រដ្ឋបាលខេត្តត្បូងឃ្មុំ និងរដ្ឋបាលខេត្តកំពង់ចាម។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម មាស ម៉ូនីការ អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការដឹកនាំកំណែទម្រង់ វិជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

គោលបំណងនៃការចុះពិនិត្យវាយតម្លៃ និងការចុះគាំទ្រលើការអនុវត្តមុខងារ ដែលបានផ្ទេរ និងធ្វើប្រតិភូកម្មលើការផ្តល់សេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូនផ្លូវគោក តាមខ្លឹមសារ សេចក្តីណែនាំដែលបានដាក់ចេញនិងដោះស្រាយបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការផ្តល់សេវា នាពេលកន្លងមក នៅអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង នៃរដ្ឋបាលខេត្តមណ្ឌលគិរី រដ្ឋបាលខេត្តរតនគិរី រដ្ឋបាលខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តត្បូងឃ្មុំ និងរដ្ឋបាលកំពង់ចាម។

Recently News