ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល(DAR/GIZ) នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងសៀវភៅណែនាំស្តីពីបច្ចេកទេសស៊ើបអង្កេតបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន និងមានការចូលរួមពីនាយករដ្ឋបាលខេត្តកណ្តាល តំណាងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល(DAR/GIZ) ទីប្រឹក្សាបច្ចេកទេសដែលគាំទ្រដោយកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល(DAR/GIZ) ទីប្រឹក្សាជាតិ ប្រធាននិងបុគ្គលិកពាក់ព័ន្ធនៃការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តតាកែវ លោក លោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌគោលដៅមួយចំនួន និងលោក លោកស្រីមន្ត្រីជំនាញនៃនាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃសរុបចំនួន៤១រូប។
ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំ លោកនាយករដ្ឋបាលខេត្ត បានមានមតិស្វាគមន៍ និងបានជម្រាបជូនអំពីស្ថានភាពនៃការផ្តល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូលតែមួយ ការិយាល័យច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលក្រៅប្រព័ន្ធតុលាការរបស់ការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលខេត្តកណ្តាល។
បន្ទាប់មក ឯកឧត្តមប្រធាននាយកដ្ឋានមុខងារ និងធនធាន បានថ្លែងចំណាប់អារម្មណ៍ ព្រមទាំងគូសបញ្ជាក់អំពីការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលកន្លងមកដែលទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់។ ទន្ទឹមគ្នានេះដែរក៏នៅមានការិយាល័យប្រជាពលរដ្ឋមួយចំនួនតូចពុំទាន់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរនៅឡើយ។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមពីសារៈសំខាន់នៃការរៀបចំសៀវភៅណែនាំស្តីពីបច្ចេកទេសស៊ើបអង្កេតបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដើម្បីផ្តល់ចំណេះដឹងបន្ថែមទៀតដល់ ការិយាល័យប្រជាពលរដ្ឋនៅក្នុងដំណើរការស្រាវជ្រាវស៊ើបអង្កេតបណ្តឹងរដ្ឋបាលដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំនេះដែរ ទីប្រឹក្សាបច្ចេកទេសដែលគាំទ្រដោយកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល(DAR/GIZ) បានធ្វើបទបង្ហាញអំពីខ្លឹមសារសំខាន់ៗ នៃសេចក្តីព្រាងសៀវភៅណែនាំស្តីពីបច្ចេកទេសស៊ើបអង្កេតបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
បន្ទាប់ពីទីប្រឹក្សាបច្ចេកទេសបានធ្វើបទបង្ហាញរួច ឯកឧត្តមប្រធានអង្គប្រជុំបានដឹកនាំកិច្ចពិភាក្សាពិគ្រោះយោបល់លើសេចក្តីព្រាងសៀវភៅណែនាំស្តីពីបច្ចេកទេសស៊ើបអង្កេតបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយមានការចូលរួមផ្តល់មតិយោបល់ល្អៗជាច្រើនរបស់ឯកឧត្តម លោក លោកស្រីដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ។