News Detail

កិច្ចប្រជុំពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធដើម្បីរៀបចំគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅខេត្តសៀមរាប

Resource: OWSO

នាព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សួន សំរិទ្ធ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន តំណាងឯកឧត្តមអគ្គនាយនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំមន្ត្រីពាក់ព័ន្ធចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធដើម្បីរៀបចំគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅខេត្តសៀមរាប ជាមួយក្រុមការងារបច្ចេកទេសធនាគារពិភពលោក (World Bank) នៅខេត្តសៀមរាប។

សមាសភាពដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះរួមមាន: តំណាងរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលស្រុកប្រាសាទបាគង មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរបរិស្ថាន មន្ទីរសុខាភិបាល មេឃុំត្រពាំងធំ មេឃុំកណ្ដែក ប្រធានភូមិទាំង៦ មកពីឃុំត្រពាំងធំ ប្រធានភូមិត្រពាំងទឹម និងប្រជាពលរដ្ឋតំណាងសហគមន៍រស់នៅក្បែរអាងប្រព្រឹត្តកម្មទឹកកខ្វក់ (WWPT) សរុបប្រមាណ ២២រូប។

កិច្ចប្រជុំពិគ្រោះយោបល់នេះ មានគោលបំណងស្វែងយល់ និង
សិក្សាប្រមូលធាតុចូលបន្ថែម សម្រាប់រៀបចំទីលានចាក់សំរាមស្តង់ដារដើម្បីឱ្យស្របតាមគោលការណ៍នៃគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក។ ជាលទ្ធផល ក្រុមការងារបានប្រមូលនូវព័ត៌មានអំពីស្ថានភាពទូទៅ តម្រូវការ និងបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅក្នុងតំបន់ដែលគ្រោងនឹងសិក្សារៀបចំជាទីលានចាក់សំរាមស្តង់ដារ ដើម្បីមានមូលដ្ឋានក្នុងការសិក្សាបន្ត និងវាយតម្លៃអំពីហេតុប៉ះពាល់នៃការអនុវត្តគម្រោង នៅពេលគម្រោងចាប់ផ្តើមអនុវត្ត។

Recently News