ខេត្តបាត់ដំបង៖ នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ០១៨ សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីអភិបាលរងរាជធានី ខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សរាជធានី ខេត្ត ប្រធានការិយាល័យកសាងសមត្ថភាពរាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន សរុបចំនួន៨៧រូប។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយសេចក្ដីណែនាំនេះជូនរដ្ឋបាលរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធ ដើម្បីអោយរដ្ឋបាលរាជធានី ខេត្ត ធ្វើការផ្សព្វផ្សាយបន្ត និងផ្តល់ការគាំទ្រដល់ការរៀបចំយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងដើម្បីឱ្យរដ្ឋបាលឃុំ សង្កាត់ចាប់ផ្ដើមអនុវត្តតាមសេចក្តីណែនាំនេះ។
ក្នុងពិធីបិទកិច្ចប្រជុំ ឯកឧត្តម ប្រាក់ សំអឿន បានណែនាំដល់រដ្ឋបាលរាជធានី ខេត្តត្រូវអនុវត្តកិច្ចការសំខាន់ៗដូចខាងក្រោម៖
ទី១. ត្រូវចម្លងចែកសេចក្ដីណែនាំលេខ០១៨ សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ជូនគ្រប់រដ្ឋបាលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
ទី២. អភិបាលរងរាជធានី ខេត្ត ដែលបានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ ត្រូវរាយការណ៍ពីលទ្ធផលនៃកិច្ចប្រជុំនេះជូនអភិបាលរាជធានី ខេត្ត និងរៀបចំក្រុមការងារសម្រាប់ផ្សព្វផ្សាយសេចក្តីណែនាំនេះបន្ដជូនរដ្ឋបាលឃុំ សង្កាត់ក្នុងរាជធានី ខេត្តរបស់ខ្លួន។ ការផ្សព្វផ្សាយ បន្ដជូនគ្រប់រដ្ឋបាលឃុំ សង្កាត់ ត្រូវធ្វើឡើងក្រោយការប្រកាសសុពលភាព និងការចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះ
ទី៣. រដ្ឋបាលរាជធានី ខេត្តត្រូវកំណត់កាលបរិច្ឆេទជាក់លាក់មួយសម្រាប់ដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវារដ្ឋបាលនៅគ្រប់ រដ្ឋបាលឃុំ សង្កាត់របស់ខ្លួន។ ការកំណត់កាលបរិច្ឆេទនេះ គួររៀបចំឱ្យបានឆាប់រហ័ស ដោយមិនអូសបន្លាយពេលវេលាយូរនោះឡើយ
ទី៤. រដ្ឋបាលរាជធានី ខេត្ត ត្រូវផ្ដល់ការគាំទ្រឱ្យបានពេញទំហឹងដល់ការរៀបចំ និងការដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវារដ្ឋបាលនៅគ្រប់រដ្ឋបាលឃុំ សង្កាត់។ ក្នុងករណីរដ្ឋបាលរាជធានី ខេត្ត មានភាពមិនច្បាស់លាស់លើចំណុចណាមួយនៅក្នុងសេចក្ដីណែនាំ ត្រូវទាក់ទងសាកសួរព័ត៌មាន ឬស្នើសុំការបញ្ជាក់បន្ថែមពីក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល ជាពិសេសនាយកដ្ឋានមុខងារ និងធនធាន ដែលជានាយកដ្ឋានជំនាញ
ទី៥. រដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃឱ្យបានទៀតទាត់លើការផ្ដល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ទាំងលើការរៀបចំទីកន្លែង ការរៀបចំបុគ្គលិក នីតិវិធីនៃការផ្ដល់សេវា និងការប្រើប្រាស់ទម្រង់បែបបទនានា។ ទម្រង់បែបបទនានាដែលជាឧបសម្ព័ន្ធភ្ជាប់នឹងសេចក្ដីណែនាំលេខ០១៨នេះ ត្រូវប្រើប្រាស់សម្រាប់ប្រភេទសេវាដែលប្រជាពលរដ្ឋស្នើសុំប្រើប្រាស់ជាទូទៅ និងមិនពាក់ព័ន្ធទម្រង់ដែលមានការណែនាំពីក្រសួង ស្ថាប័នពាក់ព័ន្ធនោះទេ។ សេចក្ដីណែនាំនេះមិនមានគោលដៅទៅលុបចោលទម្រង់បែបបទដែលមានការណែនាំពីក្រសួង ស្ថាប័ននានារួចហើយនោះទេ ដូចជាទម្រង់បែបបទស្នើសុំសេវាពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម ឬទម្រង់ឯកសារដែលជាលក្ខខណ្ឌភ្ជាប់នៅក្នុងការស្នើសុំសេវារបស់ក្រសួង ស្ថាប័ននានា។ រដ្ឋបាលឃុំ សង្កាត់បន្តប្រើប្រាស់ទម្រង់បែបបទទាំងនោះដដែល រហូតមានការណែនាំថ្មី
ទី៦. ករណីមានបណ្ដឹងតវ៉ានានាពាក់ព័ន្ធនឹងការផ្ដល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយ រដ្ឋបាលឃុំ សង្កាត់នីមួយៗត្រូវខិតខំព្យាយាមសម្រុះសម្រួល និងដោះស្រាយបណ្ដឹងតវ៉ាទាំងនោះឱ្យបានឆាប់រហ័ស និងប្រកបដោយយុត្តិធម៌។