News Detail

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ

Resource: OWSO

នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ដល់គោលដៅក្រុង ស្រុកចំនួន៨៤ក្រុង ស្រុក ក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការតម្លាភាពកម្ពុជា(TIC) តាមរយៈVideo Conference ប្រព័ន្ធZOOM។

កិច្ចប្រជុំផ្សព្វផ្សាយដែលមានរយៈពេលពេញមួយព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ លោកបួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ប្រធានក្រុមប្រឹក្សា និងនាយករដ្ឋបាលក្រុង ស្រុកគោលដៅចំនួន៨៤ក្រុង ស្រុក ព្រមទាំងមន្ត្រីបុគ្គលិកនៃនាយកដ្ឋានមុខងារ និងធនធាន សរុបប្រមាណ១៥០រូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន បានមានប្រសាសន៍ថា គោលបំណងនៃការបង្កើតការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន។

ឯកឧត្តមអគ្គនាយកបានគូសបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋ ជាយន្តការអព្យាក្រឹត្យមួយក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋដែលមិនពេញចិត្តទៅនឹងការដាក់ចេញសេចក្តីសម្រេចរបស់រដ្ឋបាល អាកប្បកិរិយានិងការបំពេញការងារ ការគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិមិនត្រឹមត្រូវ ព្រមទាំងការផ្តល់សេវាសាធារណៈនានាផងដែរ។

កន្លងមក ក្រសួងមហាផ្ទៃ បានរៀបចំ និងបានដាក់ចេញនូវលិខិតបទដ្ឋានសំខាន់ៗមួយចំនួនក្នុងការបង្កើត និងការបំពេញការងាររបស់ការិយាល័យប្រជាពលរដ្ឋ។ លិខិតបទដ្ឋានទាំងនោះ រួមមាន៖
– អនុក្រឹត្យលេខ១៩អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
– សេចក្តីណែនាំលេខ០៣៧សណន ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ស្តីពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ។
– សេចក្តីណែនាំលេខ០០១សណន ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្តីពីរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ។

បន្ទាប់ពីការដាក់ចេញនូវលិខិតបទដ្ឋានចាំបាច់ទាំងនេះរួចហើយ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ត្រូវរៀបចំការផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីធ្វើអោយក្រុង ស្រុក ខណ្ឌទាំងអស់ អាចអនុវត្តការងារបានប្រកបដោយប្រសិទ្ធភាព និងគុណភាព។

Recently News