News Detail
កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ
Resource: OWSO
នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចូលរួមបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈវីដេអូVideo Conference ដល់ក្រុង ស្រុក ខណ្ឌចំនួន៥១នៃខេត្តចំនួន៦ ដោយមានសិក្ខាកាមចូលរួមប្រមាណ១២០រូប ។
វគ្គផ្សព្វផ្សាយនេះត្រូវបានបែងចែក៤វគ្គដែលវគ្គទី១ ប្រព្រឹត្តឡើងនាព្រឹកនេះមានសិក្ខាកាមជា អភិបាល និងនាយករដ្ឋបាល មកពីក្រុងស្រុកខណ្ឌទាំងអស់នៃខេត្តឧត្តរមានជ័យ ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថាពេលថ្មីៗនេះ ក្រសួងមហាផ្ទៃបានដាក់ចេញលិខិតបទដ្ឋានចំនួនពីរពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន២គឺ៖
១- ប្រកាសលេខ៧៥១ ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីគោលការណ៍ បែបបទ និងនីតិវិធីផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ
២- សេចក្តីសម្រេចលេខ៧៥២ សសរ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីគោលការណ៍ និងនីតិវិធីផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
បន្ទាប់ពីបានដាក់ចេញលិខិតបទដ្ឋានទាំងពីរនេះ នាយកដ្ឋានមុខងារ និងធនធានបានសហការជាមួយគម្រោង GIZ/DAR បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនេះឡើង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ តាមរយៈ Video Conference ដោយបែងចែកជា៤វគ្គ ដល់អភិបាល និងនាយករដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងអស់នៃរាជធានីខេត្តទូទាំងប្រទេស។
