News Detail

កិច្ចប្រជុំប្រចាំត្រីមាសទី១របស់ក្រុមប្រតិបត្តិគម្រោងសាលាអភិបាលកិច្ច

Resource: OWSO

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២លោក តូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល រួមទាំងមន្ត្រីពាក់ព័ន្ធរបស់នាយកដ្ឋាន បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រតិបត្តិនៃគម្រោងពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេងក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគណនេយ្យភាព ហៅកាត់ថា គម្រោងសាលាអភិបាលកិច្ច ដំណាក់កាលទី២។
កិច្ចប្រជុំនេះមានតំណាងអញ្ជើញចូលរួមមកពីនាយកដ្ឋានចំនួន០២របស់ក្រសួងមហាផ្ទៃ គឺនាយកដ្ឋានមុខងារ និង ធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល និងនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច នៃអគ្គនាយកដ្ឋានសវនកម្ម រួមទាំងតំណាងនៃអង្គការតម្លាភាពកម្ពុជា សរុបចំនួន០៨រូប។

ក្នុងកិច្ចប្រជុំនេះ លោកតូច ថុន បានគូសបញ្ជាក់អំពីការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនាពេលកន្លងមកដែលទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។ លោកក៏បានបញ្ជាក់បន្ថែមពីសារៈសំខាន់នៃការបង្កើតកម្មវិធីទូរស័ព្ទដៃប្រមូលមតិយោបល់ត្រឡប់ពីប្រជាពលរដ្ឋ ដែលជាផ្នែកសំខាន់មួយរបស់គម្រោង ហើយដែលបាន និងកំពុងចូលរួមអនុវត្តដោយនាយកដ្ឋានមុខងារ និងធនធាន។

ជាមួយគ្នានេះដែរ លោកបានគាំទ្រផែនការសំខាន់ៗរបស់គម្រោង ដែលរួមមាន ផែនការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃប្រមូលមតិយោបល់ត្រឡប់របស់ប្រជាពលរដ្ឋ និងផែនការរៀបចំពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃប្រមូលមតិយោបល់ត្រឡប់របស់ប្រជាពលរដ្ឋ។ ជាចុងក្រោយ លោកក៏បានស្នើសុំឱ្យមានកិច្ចសហការឱ្យបានជិតស្និតបន្ថែមទៀតរវាងភាគីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាអោយការអនុវត្តគម្រោងនេះទទួលបានលទ្ធផលជោគជ័យដូចដែលបានគ្រោងទុក ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ អង្គការតម្លាភាពកម្ពុជា បានចុះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ដើម្បីអនុវត្តគម្រោង «ពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេងក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគណនេយ្យភាព»ហៅកាត់ថា «គម្រោងសាលាអភិបាលកិច្ច ដំណាក់កាលទី២» ។

គម្រោងនេះ មានរយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្រោមការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត និងត្រូវសហការអនុវត្តរួមគ្នារវាងអង្គការតម្លាភាពកម្ពុជា ជាមួយនាយកដ្ឋានចំនួន០២នៃក្រសួងមហាផ្ទៃគឺ នាយកដ្ឋានមុខងារ និងធនធាន និងនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច ។

គោលបំណងសំខាន់នៃគម្រោងគឺ ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេស យុវជន និងស្រ្តីក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រកបដោយបរិយាប័ន្ន ។

នាយកដ្ឋានមុខងារ និងធនធាន ត្រូវចូលរួមអនុវត្តជាមួយគម្រោងនេះ ក្នុងការបង្កើតកម្មវិធីទូរស័ព្ទដៃដើម្បីប្រមូលមតិយោបល់ត្រឡប់ពីប្រជាពលរដ្ឋ និងដាក់អោយអនុវត្តសាកល្បងនូវកម្មវិធីនេះនៅតាមក្រុង ស្រុក ខណ្ឌគោលដៅរបស់គម្រោង។

Recently News